ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនបញ្ជូនដ្រូនរាប់រយគ្រឿង ឆ្ពោះមកកាន់មូស្គូ ក្នុងពេល កំពុងរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក

ចែករំលែក៖

សារព័ត៌មាន AFP អភិបាលទីក្រុងមូស្គូ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ថា ដ្រូនរបស់អ៊ុយក្រែនសរុបជាង ៦០០គ្រឿង ត្រូវបានបញ្ជូនឆ្ពោះមកកាន់តំបន់មូស្គូ អំឡុងវេលាយប់កន្លងទៅ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ទម្លាក់ ស្របពេលដែលរដ្ឋធានីរបស់រុស្ស៊ី កំពុងរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានប្រកាសឱ្យដឹងនៅលើ Telegram ថា យន្តហោះដ្រូនចំនួន ៦១៣ គ្រឿង បានហោះឆ្ពោះមកកាន់តំបន់មូស្គូ កាលពីចន្លោះយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា ពួកវាភាគច្រើន ត្រូវបានកងកម្លាំងការពារដែនអាកាសរបស់ក្រសួងការពារជាតិរុស្ស៉ី បាញ់កម្ទេចចោលនៅចម្ងាយឆ្ងាយពីទីក្រុង ហើយដ្រូនចំនួន ២៣១គ្រឿង ត្រូវបានបំផ្លាញនៅពេលហោះចូលមកជិតរដ្ឋធានីមូស្គូ។
បើតាមវិមានក្រឹមឡាំង មេដឹកនាំនៃប្រទេសអាហ្វ្រិកចំនួន២២ បានមកចូលរួមក្នុងកិច្ចប្រជុំខាងលើ ដែលមានរយៈពេលពីរថ្ងៃ។ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរអ៊ុយក្រែន ក៏បានរាយការណ៍ អំពីការវាយប្រហាររបស់រុស្ស៊ី អំឡុងវេលាយប់កន្លងទៅ នៅតំបន់ជាច្រើនផងដែរ រួមទាំងការវាយប្រហារនៅតំបន់ Rivne ដែលបានសម្លាប់បុរសម្នាក់ ព្រមទាំងនៅ Kharkiv ដែលជាទីក្រុងធំជាងគេទី២ របស់អ៊ុយក្រែន។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសទាំង២ បានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក ដោយប្រើដ្រូននិងមីស៉ីល។ ទោះជាយ៉ាងណា ទីក្រុងមូស្គូនិងទីក្រុងកៀវ ឥឡូវកំពុងត្រៀមលក្ខណៈ ដើម្បីបន្តការចរចាសន្តិភាពឡើងវិញ ដែលគ្រោងធ្វើឡើងនៅខែក្រោយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ បើតាមលោកអភិបាលក្រុងមូស្គូ កាលពីពាក់កណ្តាលខែកញ្ញា អ៊ុយក្រែនបានបញ្ជូនដ្រូនសរុបរហូតដល់ប្រហែល ១៦០០គ្រឿងឆ្ពោះមកកាន់តំបន់មូស្គូ ដែលជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមចាប់ផ្តើម៕


ចែករំលែក៖