ព័ត៌មានទាន់ហេតុការណ៍៖

ជើងហោះហើរ និងស្ថានីយ៍ទូរទស្សន៍រាប់សិបកន្លែងនៅអឺរ៉ុបរងការគំរាមកំហែងវាយប្រហារគ្រាប់បែក

ចែករំលែក៖

នៅថ្ងៃទី 6 ខែវិច្ឆិកា អឺរ៉ុបបានបន្តប្រឈមមុខនឹងរលកថ្មីនៃការគំរាមកំហែងដោយគ្រាប់បែកក្លែងក្លាយដែលផ្តោតលើជើងហោះហើរពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលរំខានដល់សន្តិសុខក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលអៀរឡង់ជឿជាក់ថា នេះអាចជាប្រតិបត្តិការសម្របសម្រួលដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន ដែលមានគោលបំណងបង្កឱ្យមានការរំខាន។
ស្ថានីយដែលទទួលការគំរាម រួមមាន RTE របស់អៀរឡង់ Sky របស់អង់គ្លេស ទូរទស្សន៍ឯកជន Nova TV របស់ប៊ុលហ្គារី និងស្ថានីយមួយចំនួនទៀត ប៉ុន្តែមិនមានគ្រាប់បែកណាមួយត្រូវបានរកឃើញនៅទីតាំងទាំងនោះទេ។ ក្នុងអំឡុងពេលនោះ កម្មវិធីរបស់ RTE ត្រូវបានជំនួសដោយតន្ត្រី និងសារដែលថតទុកជាមុន ដែលខ្លះយូររហូតដល់៣ម៉ោង។
អ៊ីមែលមួយដែល Nova TV និង RTE ទទួលបាន សរសេរថា «យើងចង់ឱ្យពិភពលោកទាំងមូលស្គាល់យើង ដូច្នេះហើយសមាជិកម្នាក់របស់យើងបានដាក់ឧបករណ៍ផ្ទុះនៅក្នុងអគាររបស់អ្នក។ វានឹងផ្ទុះក្នុងរយៈពេល៤៥នាទីទៀត។ ពេលវេលាកំពុងរាប់ថយក្រោយ»។
ការគំរាមនេះកើតឡើងបន្ទាប់ពីមានការគំរាមដាក់គ្រាប់បែកក្លែងក្លាយជាបន្តបន្ទាប់ ដែលបានរំខានដល់ជើងហោះហើរដឹកអ្នកដំណើរពីស៊ែប៊ី ហ្វាំងឡង់ រហូតដល់អេស្ប៉ាញ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបង្ខំឱ្យយន្តហោះប្តូរផ្លូវ ចុះចតបន្ទាន់ និងឆែកឆេរសន្តិសុខ ទោះបីរហូតមកដល់ពេលនេះ មិនទាន់រកឃើញគ្រឿងផ្ទុះណាមួយក៏ដោយ ខណៈការព្រួយបារម្ភពីការលួចចូលប្រព័ន្ធកុំព្យូទ័រ ក៏កំពុងកើនឡើងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិតលើផ្សារទំនើបផងដែរ៕


ចែករំលែក៖