ព័ត៌មានទាន់ហេតុការណ៍៖

នីហ្សេរីយ៉ា ឈ្នះជើងឯក FIFA U17 Women’s World Cup ជាលើកដំបូង ក្រោយផ្តួលជប៉ុន ២-១

ចែករំលែក៖

ក្រុមជម្រើសជាតិនារីអាយុក្រោម ១៧ ឆ្នាំ នីហ្សេរីយ៉ា បានបង្កើតប្រវត្តិសាស្ត្រ ក្រោយយកឈ្នះជប៉ុនដោយលទ្ធផល ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA U17 Women’s World Cup 2026 កាលពីល្ងាចថ្ងៃសៅរ៍។

គ្រាប់បាល់ពី Awawu Bashiru និង Oluebube Umejiaku បានជួយឱ្យក្រុម Flamingos ដណ្តើមបានជ័យជម្នះ ក្នុងការប្រកួតដែលធ្វើឡើងនៅ Mohammed VI Football Complex ក្នុងទីក្រុង Rabat។

ក្រុមរបស់លោក Akeem Busari បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ដោយ Bashiru និង Umejiaku សុទ្ធតែមានឱកាសស៊ុតបំបែកលទ្ធផលស្មើនៅដើមការប្រកួត។ នីហ្សេរីយ៉ាបានបន្តដាក់សម្ពាធ ខណៈការតែតបាល់របស់ Umejiaku បានប៉ះរបារទី ក្រោយអ្នកចាំទី Kou Kadowaki មិនអាចទប់ស្កាត់បាល់ហ្វ្រីឃីកដ៏គ្រោះថ្នាក់ចូលក្នុងតំបន់គ្រោះថ្នាក់បាន។

ការខិតខំប្រឹងប្រែងរបស់នីហ្សេរីយ៉ាបានទទួលផលនៅនាទីទី៣៩ នៅពេលការស៊ុតបាល់ប៉ោងរបស់ Bashiru បានរបូតពីដៃអ្នកចាំទី Kadowaki ចូលទី ធ្វើឱ្យក្រុមអាហ្វ្រិកនាំមុខមុន ១-០។

ពីរនាទីក្រោយចាប់ផ្តើមតង់ទី២ នីហ្សេរីយ៉ាបានបន្ថែមគ្រាប់បាល់ទី២ តាមរយៈ Umejiaku ដែលទទួលបាល់បញ្ជូនវែងពី Esther Stephen មុនពេលស៊ុតបាល់ប៉ោងយ៉ាងស្រស់ស្អាតរំលងអ្នកចាំទីជប៉ុនដែលកំពុងចេញមករារាំង។

ជប៉ុនបានព្យាយាមវាយបក ដើម្បីស្វែងរកឱកាសតាមស្មើ ប៉ុន្តែការស៊ុតរបស់ Wara Shimizu បានហោះខ្ពស់ផុតរបារទី បន្ទាប់ពីអ្នកចាំទី Jane Ijirigho មិនអាចបោសសម្អាតបាល់គ្រោះថ្នាក់បាន។

Umejiaku ក៏មានឱកាសបន្ថែមគ្រាប់បាល់នាំមុខឱ្យក្រុមរបស់ខ្លួនផងដែរ ប៉ុន្តែអ្នកចាំទី Kadowaki បានប្រើជើងសង្គ្រោះបាល់បានយ៉ាងល្អ។

ជប៉ុនបានវាយបកមកវិញ និងកាត់បន្ថយគម្លាតនៅសល់១០នាទីមុនចប់ការប្រកួត។ កីឡាករបម្រុង Anri Ito បានតែតបាល់ជ្រុងបញ្ជូនត្រឡប់ចូលតំបន់គ្រោះថ្នាក់ មុនពេល Fuki Ito ស៊ុតបាល់បញ្ចូលទីដោយជើងនៅលើអាកាស។

ទោះបីជារងសម្ពាធខ្លាំងនៅចុងការប្រកួតក៏ដោយ ក្រុម Flamingos របស់លោក Busari នៅតែអាចរក្សាការនាំមុខរហូតដល់ចប់ការប្រកួត ដើម្បីដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្ត្រ និងបង្កឱ្យមានការអបអរសាទរយ៉ាងកងរំពង។

ជ័យជម្នះនេះធ្វើឱ្យនីហ្សេរីយ៉ាក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងលើកពាន FIFA U17 Women’s World Cup។ នីហ្សេរីយ៉ាក៏ជាប្រទេសដំបូងគេដែលឈ្នះពានរង្វាន់នេះ បន្ទាប់ពីចាញ់ក្នុងការប្រកួតបើកឆាករបស់ខ្លួន។

មុនពេលការប្រកួតឆ្នាំនេះ លទ្ធផលល្អបំផុតរបស់ក្រុម Flamingos គឺការឈរនៅចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះអាល្លឺម៉ង់ដោយការស៊ុតបាល់ប៉េណាល់ទី នៅកីឡដ្ឋាន DY Patil Stadium ក្នុងទីក្រុង Navi Mumbai។

នៅក្នុងពិធីប្រគល់ពានរង្វាន់ Umejiaku របស់នីហ្សេរីយ៉ា បានឈ្នះពាន Golden Ball ក្នុងនាមជាកីឡាការិនីឆ្នើមប្រចាំការប្រកួត ដោយនាំមុខ Yu Jong-hyang របស់ DPR Korea និង Fuki Ito របស់ជប៉ុន ដែលទទួលបានពាន Silver Ball និង Bronze Ball រៀងគ្នា។

ចំណែក Maddie DiMaria របស់សហរដ្ឋអាមេរិក បានឈ្នះពានស្បែកជើងមាស Golden Boot ក្រោយរកបាន១២គ្រាប់ ដែលជាកំណត់ត្រាថ្មីរបស់ការប្រកួត។ ខណៈ Yu Jong-hyang និង Ri Ui-gyong របស់ DPR Korea ទទួលបានពាន Silver Boot និង Bronze Boot។

អ្នកចាំទី Kim Son-gyong របស់ DPR Korea បានឈ្នះពានស្រោមដៃមាស Golden Glove ក្នុងនាមជាអ្នកចាំទីឆ្នើមប្រចាំការប្រកួត។ រីឯជប៉ុនទទួលបានពាន FIFA Fair Play Trophy សម្រាប់ភាពយុត្តិធម៌ក្នុងការប្រកួត៕

ដោយ៖ ភារៈ


ចែករំលែក៖