ជនសង្ស័យបានបើកឡានទៅកាន់ទីលានកណ្តាលទីក្រុង Krakow ហើយបានបើកការបាញ់ប្រហារតែម្តង បណ្តាលអោយអ្នកស្លាប់និងរបួសជាច្រើននាក់។
ប៉ូលីស Krakow នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសប៉ូឡូញ បានទទួលការជូនដំណឹងអំពីហេតុការណ៍នេះនៅម៉ោង ៣ រសៀលថ្ងៃទី៧ខែវិច្ឆិកា ។
អ្នកនាំពាក្យប៉ូលីស Krakow បាននិយាយថា “មន្ត្រីប៉ូលីសបាននិយាយថា ជនសង្ស័យស្លៀកសម្លៀកបំពាក់បែបយោធា។ កងកម្លាំងសន្តិសុខបានប្រើអាវុធក្នុងការប៉ុនប៉ងចាប់ខ្លួនជនសង្ស័យ ប៉ុន្តែគាត់បានបាញ់តបវិញ ដែលធ្វើឱ្យមន្ត្រីពីរនាក់រងរបួស។ ជនសង្ស័យត្រូវបានបាញ់ រងរបួសធ្ងន់បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ”។
ការបាញ់ប្រហារនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និងជាង ១០ នាក់រងរបួស។ អត្តសញ្ញាណ និងហេតុផលរបស់ជនសង្ស័យមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។
នាយករដ្ឋមន្ត្រី Donald Tusk បានពិពណ៌នាវាថាជា “ព្រឹត្តិការណ៍សោកនាដកម្ម” ដោយនិយាយថា លោកកំពុងទទួលបានព័ត៌មានពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយថា ប៉ូលីសកំពុងស៊ើបអង្កេតគ្រប់ទិដ្ឋភាពនៃការវាយប្រហារនេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉ូឡូញ Waldemar Zurek បានបន្ថែមថា ព្រះរាជអាជ្ញា ប៉ូលីស និងអាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងធ្វើការនៅកន្លែងកើតហេតុ។ លោកបានមានប្រសាសន៍ថា «យើងនឹងធានាថា ជនល្មើសត្រូវបានចាប់ខ្លួនឲ្យទទួលខុសត្រូវទាំងស្រុង និងប្រឈមមុខនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងរ»៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច