ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ «ទោះម្នាក់ៗ មានភាពមមាញឹក និងការងាររៀងៗខ្លួន តែយើងបានជួបជុំគ្នា រួបរួមក្រោមឆន្ទៈ ទឹកចិត្ត ស្មារតី និងក្តីស្រឡាញ់ចំពោះកម្ពុជា »

ចែករំលែក៖

ភ្នំពេញ ៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ពិតជាពោរពេញដោយអត្ថន័យនិងអនុស្សាវរីយ៍ល្អៗ តាមរយៈស្នាមញញឹម វត្តមាន និងការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់យើងខ្ញុំ។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ 

ឧបនាយករដ្ឋមន្ត្រី បានបន្លែមថា ដូចរាល់កម្មវិធីទាំងអស់របស់ ស.ស.យ.ក. ការរៀបចំពិព័រណ៍នេះ គឺដើម្បីនាំមកនូវការជួបជុំ និងបង្ហាញពីស្មារតីសាមគ្គីភាព ស្នេហាជាតិ ព្រមទាំងចូលរួមគាំទ្រសមត្ថភាពផលិតកម្មក្នុងស្រុក។ ភាពជោគជ័យនៃកម្មវិធីនេះ ក៏មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន រួមមាន ក្រសួង-ស្ថាប័ន ដៃគូពាណិជ្ជកម្ម អ្នកឧបត្ថម្ភ អ្នកជំនាញ អ្នកផលិតមាតិកា សហគ្រិន អាជីវករ សិប្បករ សិល្បករ និងភាគីពាក់ព័ន្ធទាំងអស់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ំពូមីង បងប្អូន និងដៃគូសហការទាំងអស់ ដែលតែងតែជឿជាក់ និងចូលរួមគាំទ្របេសកកម្ម ស.ស.យ.ក. កន្លងមក។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមគ្រួសារស.ស.យ.ក. គ្រប់រចនាសម្ព័ន្ធ ដែលបានចូលរួមគិតគូររៀបចំ និងរួមចំណែកដល់ដំណើរការដោយរលូន និងជោគជ័យនៃពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦។ ជាមួយគ្នានេះ ក៏សូមកោតសរសើរ និងអរគុណជាពិសេសដល់ក្រុមការងាររៀបចំ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ទោះបីនឿយហត់បន្តិចក្តី នៅតែញញឹមអនុវត្តភារកិច្ចដោយទទួលខុសត្រូវ ផ្តល់នូវបរិយាកាសល្អៗ និងរីករាយជូនដល់បងប្អូនដែលបានមកទស្សនាពិព័រណ៍ និងកម្មវិធីអមនានា។

ទោះម្នាក់ៗ មានភាពមមាញឹក និងការងាររៀងៗខ្លួន តែយើងបានជួបជុំគ្នា រួបរួមក្រោមឆន្ទៈ ទឹកចិត្ត ស្មារតី និងក្តីស្រឡាញ់ចំពោះកម្ពុជា ដែលជាកម្លាំងចិត្ត និងថាមពល នៅពីក្រោយព្រឹត្តិការណ៍ និងយុទ្ធនាការនានារបស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងបេសកកម្ម និងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖