ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាព កាន់ដំបងស្រែកឡូឡានៅក្នុងផ្ទះ និងកាន់ចបជីកជេរប្រមាថ និងគំរាមកំហែងអ្នករស់នៅក្នុងភូមិជាមួយគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្នុងភូមិសាស្រ្តស្រុកសំរោងទង។

 ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:៤៨នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធករណីខាងលើ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ចំណុចកន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ វ៉ា ធួន ភេទស្រី អាយុ៧០ឆ្នាំ (ត្រូវជាម្ដាយបង្កើត) និងបានឃាត់ខ្លួនជនសង្ស័យ០១ នាក់ មានឈ្មោះ អន ស៊ីថន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ (ត្រូវជាកូនបង្កើត) ជាប់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុនឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារ ជនសង្ស័យបានធ្វើសកម្មភាព កាន់ដំបងស្រែកឡូឡានៅក្នុងផ្ទះ និងកាន់ចបជីកជេរប្រមាថ និងគំរាមកំហែងអ្នករស់ក្នុងភូមិជាមួយគ្នានិងចាប់យកវត្ថុតាងបានចបជីក០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងមន្ទីរស្រាវ ជ្រាវ​និងបង្រ្កាបបទល្មើស​​នៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅ​សាលា ដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន ៕

ដោយ៖ សូរិយា


ចែករំលែក៖