ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុងបង្កើតទីក្រុងសាកលវិទ្យាល័យធំៗ ៣ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យពីជុំវិញពិភពលោក

ចែករំលែក៖

ហុងកុងកំពុងអភិវឌ្ឍមជ្ឈមណ្ឌលសាកលវិទ្យាល័យធំៗចំនួន ៣ នៅក្បែរព្រំដែនចិនដីគោក ក្នុងគោលបំណងទាក់ទាញអ្នកសិក្សា និងអ្នកស្រាវជ្រាវលំដាប់អន្តរជាតិ ពង្រឹងសមត្ថភាពស្រាវជ្រាវ និងជំរុញកិច្ចសហការរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្ម។

គម្រោងនេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍ធំ Northern Metropolis ដែលមានផ្ទៃដីសរុបប្រមាណ ១.០០០ ហិកតា រួមមាន San Tin, Hung Shui Kiu និង Ta Kwu Ling។ ក្នុងនោះ ប្រមាណ ៣០០ ហិកតា នឹងត្រូវប្រើសម្រាប់សាងសង់សាលារៀន និងសាកលវិទ្យាល័យ ខណៈផ្ទៃដីដែលនៅសល់នឹងអភិវឌ្ឍជាតំបន់បច្ចេកវិទ្យា ឧស្សាហកម្ម និងលំនៅឋានចម្រុះ។

ក្រោមផែនការអភិវឌ្ឍរយៈពេល ៥ ឆ្នាំ ដែលបានប្រកាសកាលពីខែកញ្ញា តំបន់នីមួយៗនឹងមានជំនាញ និងតួនាទីខុសៗគ្នា៖

– San Tin University Town៖ ផ្តោតលើវិស័យវេជ្ជសាស្ត្រ ជីវវិទ្យា បញ្ញាសិប្បនិម្មិត (AI) មនុស្សយន្ត និងមីក្រូអេឡិចត្រូនិក ព្រមទាំងមានសាលាវេជ្ជសាស្ត្រ និងមន្ទីរពេទ្យបង្រៀនថ្មី។
– Hung Shui Kiu៖ ក្លាយជាមជ្ឈមណ្ឌលផលិតកម្មឆ្លាតវៃ ការអប់រំក្រោយមធ្យមសិក្សា និងការទាក់ទាញធនធានមនុស្សអន្តរជាតិ។ ការបែងចែកដីនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ហើយសាកលវិទ្យាល័យត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៧ ឬ ២០២៨។
– Ta Kwu Ling៖ ផ្តោតលើសិល្បៈ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងរក្សាទុកដីសម្រាប់ការពង្រីកនាពេលអនាគត។ ការបើកប្រើប្រាស់ទីតាំងនឹងចាប់ផ្តើមជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០៣០។

នាយកប្រតិបត្តិហុងកុង លោក John Lee Ka-chiu បានអញ្ជើញសាកលវិទ្យាល័យបរទេសឱ្យចូលរួមបង្កើតសាខា និងមជ្ឈមណ្ឌលស្រាវជ្រាវនៅតំបន់ថ្មីទាំងនេះ។ រដ្ឋាភិបាលក៏មានគម្រោងជំរុញឱ្យអ្នកស្រាវជ្រាវធ្វើការជាមួយក្រុមហ៊ុនដោយផ្ទាល់ និងឱ្យអ្នកជំនាញក្នុងវិស័យឧស្សាហកម្មចូលរួមបង្រៀននៅសាកលវិទ្យាល័យផងដែរ។

គម្រោងនេះបានទទួលការចាប់អារម្មណ៍ពីស្ថាប័នអប់រំអន្តរជាតិមួយចំនួន ដូចជា University of Sydney និង Khalifa University of Science and Technology ដែលបានបង្ហាញចំណាប់អារម្មណ៍លើកិច្ចសហការផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍវិស័យអប់រំ។

ទោះជាយ៉ាងណា បញ្ហាហិរញ្ញប្បទាននៅតែជាកង្វល់ ដោយអ្នកតំណាងវិស័យអប់រំក្នុងតំបន់យល់ថា ផែនការហិរញ្ញវត្ថុបច្ចុប្បន្នអាចមិនទាន់គ្រប់គ្រាន់សម្រាប់គម្រោងដែលរំពឹងថានឹងពឹងផ្អែកលើការវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង។

រដ្ឋាភិបាលហុងកុងបានត្រៀមប្រាក់កម្ចីការប្រាក់ទាបចំនួន ១០ ពាន់លានដុល្លារហុងកុង (ប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រការសាងសង់សាលារៀននៅ Hung Shui Kiu។ សាកលវិទ្យាល័យដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ទីតាំង នឹងបង់ថ្លៃសិទ្ធិប្រើប្រាស់ដីជានិមិត្តរូបត្រឹម ១.០០០ ដុល្លារហុងកុងប៉ុណ្ណោះ។

អាជ្ញាធរក៏បានបញ្ជាក់ថា សាកលវិទ្យាល័យដែលអាចសាងសង់ដោយមិនប្រើប្រាក់កម្ចីរដ្ឋាភិបាល ឬមានសំណើហិរញ្ញវត្ថុប្រកួតប្រជែងខ្ពស់ នឹងទទួលបានការពិចារណាជាអាទិភាពក្នុងការបែងចែកទីតាំង ដើម្បីកាត់បន្ថយបន្ទុកបំណុលសាធារណៈ៕

ដោយ៖ ភារៈ


ចែករំលែក៖