ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តសាកល្បងមីស៊ីលល្បឿនលឿនស៊េរីថ្មី ប្រភេទ torpedo 

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ឬមីស៊ីលក្រោមទឹកល្បឿនលឿនស៊េរីថ្មីមួយ ខណៈរបបដឹកនាំលោក គីម ជុងអ៊ុនកំពុងពន្លឿនការបំពាក់អាវុធឱ្យកងទ័ពជើងទឹកនៅចំពោះមុខភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធអាវុធខាងលើដែលត្រូវបានធ្វើតេស្តបាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន នឹងត្រូវបានដាក់ឱ្យកងទ័ពកូរ៉េខាងជើងប្រើប្រាស់នៅដើមឆ្នាំ២០២៧។ ការធ្វើតេស្តអាវុធនេះដែរកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងនោះរួមមានទាំងការធ្វើតេស្តលើដ្រូនប្រយុទ្ធ ប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI និងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម។
ការធ្វើតេស្តអាវុធទាំងនេះទៀតសោត កើតមានឡើងចំពេលទីក្រុងព្យុងយ៉ាងកំពុងពង្រីកសមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធអាវុធវាយប្រហារក្រោមបាតសមុទ្រ រួមទាំងនាវាពិឃាដ។
កាលពីខែតុលា កូរ៉េខាងជើងបានធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ស៊េរីថ្មីមួយដែលមានបំពាក់បច្ចេកវិទ្យា AI ហើយថាការធ្វើតេស្តនៅពេលនោះបានផ្ទៀងផ្ទាត់ពីបច្ចេកវិទ្យា ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យកម្លាំងជំរុញមានប្រសិទ្ធភាពកាន់តែខ្លាំង ក្រោយការធ្វើតេស្តជាង១៨០លើកក្នុងរយៈពេល៥ឆ្នាំ៕


ចែករំលែក៖