ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ៥ នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ពន្លក នីតា ភេទស្រី អាយុ ១៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីចោរកាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង ០៣:៣០ នាទីទាបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ករណីនេះបង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណចំនួន ២ នាក់ ជិះម៉ូតូ ១ គ្រឿង បានធ្វើសកម្មភាពយកកាំបិតខ្វែវបម្រុងកាប់ទៅលើជនរងគ្រោះឈ្មោះ គង់ រតនា (ណាង) ភេទស្រី អាយុ ៣៨ ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ពន្លក នីតា ខណៈកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការតែម្នាក់ឯង បណ្ដាលឱ្យដួលម៉ូតូ។ ពេលនោះជនរងគ្រោះមានការភ័យខ្លាច ក៏បានរត់ចោលម៉ូតូ ទើបជនសង្ស័យយកម៉ូតូនោះជិះគេចខ្លួនបាត់។
ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានផ្ដល់ព័ត៌មានដល់កម្លាំងមូលដ្ឋានក្រុង-ស្រុកទាំង ០៩ ដើម្បីស្ទាក់ចាប់ ប៉ុន្តែរកមិនឃើញ។ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដដែល ទើបកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន។ បន្ទាប់មក ដោយមានការស្នើសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មានការឯកភាពពីលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការនៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ចចុះសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ រួមមាន៖
១. ឈ្មោះ ឡុង គឹមអាន ភេទប្រុស អាយុ ២២ ឆ្នាំ
២. ឈ្មោះ វ៉េង សុជា ភេទប្រុស អាយុ ១៦ ឆ្នាំ ឃាត់ខ្លួននៅចំណុចបន្ទប់ជួលយីហោ “ហេង សម្ភស្ស” ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងចាប់យកវត្ថុតាងជាម៉ូតូរបស់ជនរងគ្រោះ ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរនាំ។
ក្រោយពីសួរនាំ និងស្ដាប់ចម្លើយជនសង្ស័យខាងលើ ការិយាល័យជំនាញបានបន្តកំណត់មុខសញ្ញាបក្ខពួកជនសង្ស័យបន្ថែមទៀត។ លុះនៅវេលាម៉ោង ១៧:៣០ នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយផ្ទាល់ពីលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ៣ នាក់បន្ថែមទៀត រួមមាន៖
១. ឈ្មោះ ឆន វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ
២. ឈ្មោះ រ៉ាត់ រ៉ាសាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ
៣. ឈ្មោះ ផុន លីដា ភេទប្រុស អាយុ ១៧ ឆ្នាំ
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖
+ម៉ូតូចំនួន ២ គ្រឿង
+កាំបិតខ្វែវដងដែកប្រវែង ៩៨ សង់ទីម៉ែត្រ ចំនួន ០១ដើម
+ទូរសព្ទដៃម៉ាក iPhone 6 ពណ៌ទឹកប្រាក់ ចំនួន ០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីប្រគល់ឱ្យការិយាល័យជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង ៥ នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច