ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា អ្នកដែលនិយាយថា ការរៀបចំទទួលប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាការឥតប្រយោជន៍គឺជាការគិតខ្លី។
លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ៖ កិច្ចប្រជុំនេះមានសារសំខាន់ ២ធំៗដែលយើងមើលឃើញជាប្រយោជន៍ក្នុងរយ:ពេលខ្លី និងរយ:ពេលវែង។
– សមាជិកហ្រ្វង់កូហ្វូនីមានទាំងអស់ ៩០ដែលផ្តល់ឱកាសឲ្យយើងបង្កើនទំនាក់ទំនងការទូតនិងសហប្រតិបត្តិការទ្វេ និងពហុភាគីលើវិស័យសេដ្ឋកិច្ច នយោបាយអន្តរជាតិ ទេសចរណ៍ វប្បធម៌ វិនិយោគ បច្ចេកវិទ្យា។ល។ និង។ល។
– បង្កើតនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មសហគ្រាសកម្ពុជា និងក្រុមហ៊ុនអន្តរជាតិដើម្បីជម្រុញការនាំចេញផលិតផលកសិកម្មទៅប្រទេសជាសមាជិកដោយបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។
– បង្កើនការផ្សព្វផ្សាយដោយផ្ទាល់នៃវប្បធម៌ ប្រពៃណី ម្ហូបអាហារ សម្លៀកបំពាក់ប្រពៃណី។ល។
– ផលប្រយោជន៍ផ្នែកអប់រំ និងធនធានមនុស្សគឺជាការជំរុញការសិក្សាភាសាបារាំងនៅកម្ពុជា។
បង្កើនអាហារូបករណ៍ និងការផ្លាស់ប្តូរនិស្សិត។
បង្កើតឱកាសការងារជាមួយក្រុមហ៊ុន និងស្ថាប័នអន្តរជាតិ។
ពង្រឹងកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យ និងការស្រាវជ្រាវ។
សរុបសេចក្តីមក: កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិនេះ គឺជាស្ពានតភ្ជាប់ទៅកាន់ទីផ្សារ ការងារ វិនិយោគ និងដៃគូយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច