ព័ត៌មានទាន់ហេតុការណ៍៖

បាត់ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់បន្សល់ទុកសម្ភារៈមួយ ចំនួននៅមាត់ស្រះទឹកក្នុងស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង៖ នគរបាលស្រុកស្រែអំបិល ខេត្តកោះកុងបានឲ្យដឹងថារហូតដល់ព្រលបើថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ ករណីក្មេងស្រីដែលបាត់ខ្លួនបន្សល់ទុកសម្ភារៈមួយ ចំនួននៅមាត់ស្រះទឹកនោះមិនទាន់មានតម្រុយនៅឡើយ។

សមត្ថកិច្ចបញ្ជាក់ថា ករណីបាត់ក្មេងស្រីមួយរូបនៅស្រុកស្រែអំបិល លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានចាត់ផ្នែកជំនាញព្រហ្មទណ្ឌចុះទៅដល់កន្លែងកើតហេតុ និងសាកសួរបំភ្លឺពីម្ដាយក្មេងស្រីដែលបានបាត់ខ្លួន ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

នគរបាលដកស្រង់សម្តីពីម្ដាយក្មេងស្រីដែលឆ្លើយប្រាប់កម្លាំងជំនាញថាសម្ភារៈ ដែលប្រទះឃើញនៅមាត់ស្រះ ទឹកនេះ គឺជារបស់កូនស្រីបង្កើតរបស់គាត់ពិតប្រាកដមែនដែលមានឈ្មោះ ឌី ណារីន ភេទស្រី អាយុ១៦ឆ្នាំ បាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:០០នាទីយប់។

តាមសមត្ថកិច្ចបញ្ជាក់ថា គិតត្រឹមម៉ោង៧:៣០នាទីយប់ថ្ងៃ១១វិច្ឆិកា២០២៦នេះ ក្មេងស្រីដែលបានបាត់ខ្លួនហើយឃើញសម្ភារៈនៅក្បែរស្រះទឹកនេះ ពុំទាន់រកឃើញតម្រុយនៅឡើយទេ៕

ដោយ៖ សុរិយា


ចែករំលែក៖