ព័ត៌មានទាន់ហេតុការណ៍៖

ថៃគ្មានសិទ្ធិបិទមាត់កម្ពុជាលើឆាកអន្តរជាតិទេ

ចែករំលែក៖

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលស្នើឱ្យកម្ពុជាកុំលើកយកបញ្ហាវិវាទកម្ពុជា-ថៃ មកពិភាក្សាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍។ ថៃអះអាងថា បញ្ហាទ្វេភាគីមិនស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះទេ។ ប៉ុន្តែសំណួរដែលគួរត្រូវបានចោទសួរគឺ ហេតុអ្វីបានជាថៃបារម្ភខ្លាំងចំពោះលទ្ធភាពដែលកម្ពុជាអាចលើកឡើងពីបញ្ហាវិវាទនៅលើឆាកអន្តរជាតិ?

ជាការពិតណាស់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមិនមែនជាវេទិកាសម្រាប់ដោះស្រាយវិវាទព្រំដែនរវាងកម្ពុជានិងថៃនោះទេ។ កម្ពុជាក៏មិនចាំបាច់ប្រើប្រាស់ឱកាសនេះដើម្បីបង្កើនភាពតានតឹងជាមួយប្រទេសជិតខាងដែរ។ ប៉ុន្តែការគោរពគោលបំណងនៃកិច្ចប្រជុំ មិនមានន័យថាកម្ពុជាត្រូវបោះបង់សិទ្ធិក្នុងការបង្ហាញជំហរ និងទស្សនៈរបស់ខ្លួនចំពោះបញ្ហាសន្តិភាព និងវិវាទអន្តរជាតិនោះឡើយ។ ថៃគួរបែងចែកឱ្យច្បាស់រវាងការលើកឡើងពីបញ្ហាមួយ ដើម្បីបង្ហាញទស្សនៈ និងការប្រើប្រាស់វេទិកានោះដើម្បីស្វែងរកដំណោះស្រាយជំនួសយន្តការដែលមានស្រាប់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រធានបទនៃកិច្ចប្រជុំកំពូលនេះផ្តោតលើ ការកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។ ដូច្នេះ តើការចែករំលែកបទពិសោធន៍អំពីជម្លោះ ការខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ មានអ្វីដែលផ្ទុយពីគោលបំណងនៃកិច្ចប្រជុំនេះ? សន្តិភាពមិនមែនគ្រាន់តែជាពាក្យល្អៗសម្រាប់តែដាក់ក្នុងប្រធានបទនៃកិច្ចប្រជុំអន្តរជាតិនោះទេ។ ការកសាងសន្តិភាពពិតប្រាកដត្រូវចាប់ផ្តើមពីការហ៊ាននិយាយអំពីបញ្ហា និងស្វែងរកដំណោះស្រាយចំពោះអ្វីដែលកំពុងរារាំងសន្តិភាព។

ប្រសិនបើថៃមានទំនុកចិត្តលើជំហររបស់ខ្លួន និងមានឯកសារ ភស្តុតាងគាំទ្រការអះអាង នោះថៃគួរតែឆ្លើយតបដោយហេតុផល និងការពិត ជាជាងផ្តោតលើការស្នើឱ្យកម្ពុជាកុំលើកឡើងពីបញ្ហានេះ។ ក្នុងទំនាក់ទំនងអន្តរជាតិ ការខ្វែងគំនិតមិនអាចដោះស្រាយបានដោយការទាមទារឱ្យភាគីម្ខាងទៀតស្ងៀមស្ងាត់នោះទេ។ ប្រសិនបើថៃមិនយល់ស្របនឹងការលើកឡើងរបស់កម្ពុជា ថៃមានសិទ្ធិបង្ហាញទស្សនៈរបស់ខ្លួនតបត ដោយយកការពិត និងមូលដ្ឋានច្បាប់មកបញ្ជាក់។ នេះទើបជាវិធីសាស្ត្រដែលសមស្របនឹងគោលការណ៍ការទូតប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។

ម្យ៉ាងវិញទៀត កម្ពុជាបានបង្ហាញជំហរច្បាស់លាស់ណាស់ក្នុងការដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ រួមទាំងការប្រើប្រាស់យន្តការផ្សះផ្សាក្រោមអនុសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ (UNCLOS)។ ដូច្នេះ ការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយដោយសន្តិវិធី មិនគួរត្រូវបានបកស្រាយថាជាការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីប្រឆាំងនឹងភាគីថៃនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញថា កម្ពុជាចង់ការពារសិទ្ធិស្របច្បាប់របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព និងច្បាប់អន្តរជាតិរួចស្រេចទៅហើយ។

ថៃខ្លួនឯងគួរយល់ឱ្យច្បាស់ថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងជាសមាជិកនៃសហគមន៍អន្តរជាតិ។ ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយ មិនមានន័យថាកម្ពុជាត្រូវកំណត់ជំហររបស់ខ្លួនតាមការគាប់សង្កត់ឬការចង់បានរបស់ថៃនោះទេ។ ថៃអាចបង្ហាញការមិនយល់ស្រប ឬជំទាស់ចំពោះទស្សនៈរបស់កម្ពុជាបាន ប៉ុន្តែថៃក៏មិនអាចកំណត់ជំនួសឱ្យកម្ពុជាថាតើកម្ពុជាគួរនិយាយអ្វីឬមិនគួរនិយាយអ្វីនៅលើវេទិការអន្តរជាតិមួននេះបានឡើយ។

អ្វីដែលកម្ពុជាត្រូវធ្វើនៅពេលនេះ គឺរក្សាភាពស្ងាត់តែមិនស្ងៀម កម្ពុជានឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះដើម្បីបង្ហាញភាពចាស់ទុំផ្នែកនយោបាយនិងការទូត តាមរយៈការលើកកម្ពស់សន្តិភាព ការគោរពអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយផ្អែកលើច្បាប់អន្តរជាតិ។ រាល់ការលើកឡើងណាមួយរបស់កម្ពុជាគឺមានឯកសារ និងភស្តុតាងរឹងមាំណាស់ ដើម្បីគាំទ្រជំហររបស់ខ្លួន និងដើម្បីទទួលបានការយល់ដឹងពីសហគមន៍អន្តរជាតិ។

នៅទីបំផុត ប្រសិនបើថៃពិតជាចង់បានសន្តិភាព និងការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរមែននោះ ថៃគួរបង្ហាញឆន្ទៈតាមរយៈសកម្មភាពជាក់ស្តែង និងការគោរពគ្នាទៅវិញទៅមក មិនមែនគ្រាន់តែអំពាវនាវឱ្យកម្ពុជាកុំលើកឡើងពីបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ ដែលជារឿងរស៊ីបនិងប៉ះពាល់ដល់មុខមាត់របស់ថៃលើឆាកអន្តរជាតិនិងដែលខ្លួនមិនចង់ឮនោះទេ។

សន្តិភាពមិនអាចកើតឡើងដោយការទាមទារឱ្យភាគីម្ខាងទៀតបិទមាត់ស្ងៀមស្ងាត់បានឡើយ។ សន្តិភាពត្រូវកើតចេញពីការហ៊ានប្រឈមមុខនឹងបញ្ហា ការគោរពការពិត និងការស្វែងរកដំណោះស្រាយដោយយុត្តិធម៌៕

ដោយ៖ ពិន វិជ័យ


ចែករំលែក៖