ភ្នំពេញ ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហោះ សារពីគណនីផ្លូវការរបស់ខ្លួន បន្ទាប់ពីមកដល់ទឹកដីកម្ពុជា ដោយសំណេរថា ៖ កិច្ចការងារការពារ និងជីវិតនៃភាពរស់រវើកនៃតំបន់របស់យើង មិនមែនជាកិច្ចការដែលធ្វើឡើងតែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើនៅទីតាំងដែលស្ថិតនៅចម្ងាយរាប់ពាន់ម៉ាយពីទីនោះទៀតផង។
នេះគឺជាគោលបំណងនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។
នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអមដំណើរដោយថ្នាក់ដឹកនាំធុរកិច្ច ដើម្បីស្វែងរកទីផ្សារថ្មីៗ ដោយប្រើប្រាស់អត្ថប្រយោជន៍ពីហ្វ្រង់កូហ្វូនី ឬសហគមន៍នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលជួយឱ្យយើងកាន់តែជិតស្និទ្ធនឹងគ្នា។
ជំនាញ និងការខិតខំប្រឹងប្រែងរបស់ភាគីបារាំង កំពុងបង្កើតឱ្យមានឱកាសជាក់ស្តែងជាច្រើន។ ជាក់ស្តែង ប្រទេសកម្ពុជាមានបំណងទាញយកបទពិសោធន៍ពី Rungis (រ៉ង់ហ្ស៊ីស) ដែលជាទីផ្សារលក់ដុំដ៏ល្បីល្បាញ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីផ្សារលក់ដុំរបស់ខ្លួន។
ចំពោះប្រទេសម៉ាឡេស៊ីវិញ គោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតរបស់ខ្ញុំ គឺការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែធាតុកម្រ (rare earth elements)។ ទោះបីជាមិនសូវមានការលើកឡើងច្រើនក៏ដោយ ប៉ុន្តែវត្ថុធាតុទាំងនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការផលិតមេដែក ដែលប្រើប្រាស់នៅក្នុងម៉ូទ័រអគ្គិសនី និងឧបករណ៍អេឡិចត្រូនិកមួយចំនួន។
សម្រាប់រោងចក្ររបស់យើង ការមានប្រភពផ្គត់ផ្គង់ច្រើនជួយកាត់បន្ថយហានិភ័យនៃការផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារកង្វះគ្រឿងបន្លាស់ ឬវត្ថុធាតុដើម។ វាក៏ជួយឱ្យយើងអាចព្យាករណ៍ស្ថានការណ៍បានកាន់តែច្បាស់លាស់ ដែលអនុញ្ញាតឱ្យយើងវិនិយោគ និងផលិតបានកាន់តែមានប្រសិទ្ធភាពនៅក្នុងប្រទេសបារាំង។
ការដែលយើងអាចចាប់ផ្តើមគម្រោងថ្មីៗជាមួយគ្នាបាននៅថ្ងៃនេះ ដោយមានកម្រិតនៃទំនុកចិត្តខ្ពស់បែបនេះ គឺដោយសារតែបុព្វបុរសរបស់យើងកាលពីអតីតកាល បានរៀនសូត្រពីការធ្វើការងាររួមគ្នា។ នៅប្រាសាទអង្គរវត្ត ទំនុកចិត្តនេះត្រូវបានឆ្លាក់ជាប់នៅលើផ្ទាំងថ្ម ខ្ញុំរួមជាមួយព្រះមហាក្សត្រកម្ពុជា យើងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រាសាទមេបុណ្យខាងលិច ដែលជាលទ្ធផលនៃកិច្ចសហការរយៈពេល ១៤ ឆ្នាំ រវាងក្រុមការងារកម្ពុជា និងបារាំង។
មានដៃគូកាន់តែច្រើន នោះភាពអាស្រ័យលើភាគីណាមួយនឹងកាន់តែតិច។ កិច្ចព្រមព្រៀងនានារបស់យើងបានបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការ ខណៈដែលភាសា វប្បធម៌ និងមិត្តភាពដែលយើងមានរួមគ្នា បានជួយរក្សាផ្លូវទាំងនោះឱ្យនៅតែបើកចំហជានិច្ច។ នេះគឺជាផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីររបស់យើង៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច