ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកទឹកឈូហៅសិស្សសាលា ៣នាក់មកអប់រំតេស្តទឹកនោម ក្រោយគេចម៉ោងសិក្សាទៅជក់បារី និងលេងប៊ីយ៉ា ខណៈហាងកាហ្វេមួយត្រូវផ្អាកអាជីវកម្ម

ចែករំលែក៖

ខេត្តកំពត៖ សិស្សសាលាចំនួន ៣នាក់ ដែលបានគេចម៉ោងសិក្សានាំទៅជក់បារី និងលេងបុកប៊ីយ៉ា ត្រូវបានអាជ្ញាធរហៅមកអប់រំណែនាំ និងតេស្តរកសារធាតុញៀន ខណៈសិស្សចំនួន១១នាក់ផ្សេងទៀតក៏តម្រូវឲ្យយកម៉ូតូចូលក្នុងសាលាវិញផងដែរ។ ការចុះត្រួតពិនិត្យ និងរៀប ចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងកាលពីវេលាព្រឹក ថ្ងៃទី ១៦ វិច្ឆិកា ២០២៦ នៅតាមសាលារៀន និងបរិវេណជុំវិញសាលា ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។

រដ្ឋបាលស្រុកទឹកឈូបានឲ្យដឹងថា ប្រតិបត្តិការនេះគឺធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដោយ មានលោក ទុយ រុំ អភិបាលរងស្រុក ជាតំណាងដឹកនាំកម្លាំងចុះអនុវត្តផ្ទាល់។ប្រភពដដែលបន្តថា ជាលទ្ធផល កម្លាំងចម្រុះបានរកឃើញសិស្សចំនួន ៣នាក់ ដែលបានគេចម៉ោងសិក្សាទៅជក់បារី និងលេងបុកប៊ីយ៉ា ហើយបានហៅពួកគេមកអប់រំណែនាំក្នុងសាលា ព្រមទាំងធ្វើតេស្តទឹកនោម ដោយទទួលបានលទ្ធផលអវិជ្ជមាន។ ជាមួយគ្នានេះ កម្លាំងក៏បានរកឃើញសិស្សចំនួន ១១ នាក់ ផ្សេងទៀត បានយកម៉ូតូទៅផ្ញើនៅហាងកាហ្វេខាងក្រៅ ដែលតម្រូវឲ្យពួកគេយកម៉ូតូចូលសាលាវិញ និងប្រគល់ជូនលោកនាយកសាលាដើម្បីអប់រំណែនាំ។

ប្រភពដដែលបញ្ជាក់ថា ក្រៅពីការអប់រំសិស្ស អាជ្ញាធរក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់ហាងកាហ្វេ ឲ្យផ្អាកអាជីវកម្មបុកប៊ីយ៉ាជាបន្ទាន់ ដោយសារតែគ្មានច្បាប់អនុញ្ញាត ព្រមទាំងហាមឃាត់ដាច់ខាតមិនឲ្យទទួល បញ្ញើម៉ូតូរបស់សិស្សសាលាតទៅទៀតនោះឡើយ។ ដោយឡែក ចំពោះមូលហេតុដែលអាជ្ញាធរចុះរឹតបន្តឹង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់នាពេលនេះ គឺដើម្បីអនុវត្តឲ្យបាននូវវិធានការទាំង ៨ចំណុច របស់រដ្ឋបាលស្រុកទឹកឈូដែលបានដាក់ចេញនៅតាមសាលារៀន។

វិធានការទាំងនោះរួមមានការហាមលក់នំចំណីខូច គុណភាព ហាមសិស្សផ្ញើម៉ូតូក្រៅរបងសាលា ហាមបើកអាជីវកម្មហ្គេម និងប៊ីយ៉ាជុំវិញសាលា ការប្រមូលសិស្សគេចថ្នាក់មកតេស្តទឹកនោម ការត្រួតពិនិត្យអនាម័យបរិស្ថាន ការគ្រប់គ្រងវត្តមានសិស្ស ការគាំទ្រសិស្សបោះបង់ការសិក្សាឲ្យចូលរៀនវិញ និងការបន្តកៀរគរអភិវឌ្ឍសាលារៀនជាដើម៕

ដោយ៖ សុរិយា


ចែករំលែក៖