ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថ្លែងបូកសរុបលទ្ធផលបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងក្របខ័ណ្ឌនៃការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ កម្ពុជាទទួលបានផ្លែផ្កាការទូតទ្វេភាគីយ៉ាងធំធេង តាមរយៈការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់ និងពិធីសារសហប្រតិបត្តិការសរុបចំនួន ៣៧ ជាមួយបណ្តាប្រទេសជាមិត្ត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងចំណោមប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន២៣រូប ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនេះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន៣ប្រទេស បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការនៅកម្ពុជា រួមជាមួយជំនួបទ្វេភាគីកម្រិតខ្ពស់ផងដែរ។
ព្រឹត្តិការណ៍ទស្សនកិច្ច និងជំនួបទ្វេភាគីសំខាន់ៗទាំងនោះ រួមមាន៖
១- ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីរវ៉ាន់ដា នៅព្រះរាជាណាចក្រកម្ពុជា។
២- ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
៣- ទស្សនកិច្ចផ្លូវការរបស់ លោក ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
៤- ជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ នៃប្រទេសលុចសំបួ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទាំង ៣៧ ក្នុងឱកាសដំណើរទស្សនកិច្ច និងជំនួបទ្វេភាគីខាងលើ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់កម្ពុជា និងបណ្តាដៃគូអន្តរជាតិ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនានា ព្រមទាំងបង្កើតសន្ទុះថ្មីដល់ភាពជាដៃគូរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត។
ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ គឺជាភស្តុតាងជាក់ស្តែងផ្នែកការទូត ដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងការប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា ព្រមទាំងបានរួមចំណែកលើកកម្ពស់កិត្យានុភាព តួនាទី និងជំហររបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច