ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជា ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជា និងជាក្រុមអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា បានថ្លែងថា ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងរ៉ាំរ៉ៃលើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបានអះអាងអំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានបន្ដទៀតថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ក៏បានសម្ដែងនូវការសោកស្ដាយចំពោះទុកវេទនារបស់ប្រជាជន ដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជនកម្ពុជា។

ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា អំពីសារៈសំខាន់នៃការធានាការពារប្រជាជនស៉ីវិលរងគ្រោះ ដោយភាពតានតឹងតាមព្រំដែនស្របតាមច្បាប់អន្ដរជាតិ និងអំពាវនាវឲ្យមានការធានាថា ប្រជាជនដែល ត្រូវផ្លាស់ទីលំនៅ និងសហគមន៍ ដែលរងផលប៉ះពាល់អាចទទួលបានជំនួយមនុស្ស និងសេវាចាំបាច់ជាមូលដ្ឋាននានាប្រកបដោយសុវត្ថិភាព គ្មានការរារាំងព្រមទាំងការពារសិទ្ធិរបស់ពួកគេ ក្នុងអំឡុងពេលនៃការផ្លាស់ទីលំនៅ ត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខណៈអំណោយផលដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ប្រកបដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត និងដោយយូរអង្វែង។

រដ្ឋមន្ដ្រី នេត្រ ភក្ដ្រា បានលើកឡើងទៀតថា «មកទល់ពេលនេះប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញទេ ហើយការធានាឲ្យពួកគាត់អាចវិលត្រឡប់ទៅវិញ ដោយសុវត្ថិភាព ដោយសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា»។

បន្ថែមពីនេះ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល បានអះអាងថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្ដិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្ដរជាតិ ហើយមិនអាចមានការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនណាមួយ តាមរយៈការប្រើប្រាស់កម្លាំង ឬតាមការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដីនោះឡើយ។

ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ទទួលដឹងឮអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង នៅតាមបន្ទាត់ព្រំដែន ហើយអំពាវនាវឲ្យមានការអនុវត្តនូវអ្វី ដែលបានព្រមព្រៀងគ្នា ក្នុងសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីបទឈប់បាញ់ ពាក់ព័ន្ធជាអាទិ៍ ការចាប់ផ្ដើមឡើងវិញឲ្យបានឆាប់រហ័សបំផុតការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ហើយស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

លើសពីនេះ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវយ៉ាងទទូចឲ្យភាគីទាំងសងខាង គោរពបទឈប់បាញ់ឲ្យបានពេញលេញ និងជៀសវាងរាល់សកម្មភាពដែលអាចបង្កឲ្យមានភាពតានតឹងឡើងវិញ ឬធ្វើឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍រាល់គំនិតផ្ដួចផ្ដើមរបស់តំបន់ ក្នុងគោលដៅកាត់បន្ថយភាពតានតឹង និងស្ដារទំនុកចិត្តឡើងវិញ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏បានលើកទឹកចិត្តឲ្យបន្ដការសន្ទនា និងប្រើប្រាស់មធ្យោបាយដោះស្រាយវិវាទដោយសន្ដិវិធី ស្របតាមច្បាប់អន្ដរជាតិ ជាអាទិ៍ នីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ សម្រាប់ការដោះស្រាយវិវាទដែនសមុទ្រ។

បន្ថែមពីនេះ រដ្ឋមន្ដ្រី នេត្រ ភក្ដ្រា បានសង្កត់ធ្ងន់ថា សេចក្ដីសម្រេចនេះបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពអន្ដរជាតិ ការគោរពច្បាប់ និងការដោះស្រាយជម្លោះដោយសន្ដិវិធី។ សម្រាប់កម្ពុជា គឺជាសារគាំទ្រដ៏មានទម្ងន់ក្នុងក្រប ខ័ណ្ឌហ្វ្រង់កូហ្វូនី ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី សន្ដិភាព និងសិទ្ធិរបស់ប្រជាជនភៀសសឹកកម្ពុជា។ សេចក្ដីសម្រេចហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ បានផ្ញើសារយ៉ាងច្បាស់ថា «កម្លាំងមិនអាចជំនួស ច្បាប់បានទេ, ហើយការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី មិនអាចកែប្រែព្រំដែនបានទេ ហើយប្រជាជនដែលរងគ្រោះដោយជម្លោះត្រូវមានឱកាសវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ»៕

ដោយ៖តារា


ចែករំលែក៖