ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន ត្រួតពិនិត្យរមណីយដ្ឋានទេសចរណ៍នៅជិតប្រទេសចិន និងសរសើរ «ភាពល្អឥតខ្ចោះ »

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្មីៗនេះបានត្រួតពិនិត្យគម្រោងទេសចរណ៍មួយចំនួននៅជិតព្រំដែនចិន ចំពេលមានការសង្ស័យថាលោកអាចនឹងទៅទស្សនាប្រទេសចិននៅសប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី១៧ ខែវិច្ឆិកាថា មេដឹកនាំរូបនេះបានត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងឡើងវិញនៅអាកាសយានដ្ឋាន Samjiyon ខ្សែរថភ្លើងទេសចរណ៍ និងរមណីយដ្ឋានជិះស្គីនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា។
នៅរមណីយដ្ឋាននេះ លោក គីម បានសរសើរសណ្ឋាគារ ផ្ទះសំណាក់ និងតំបន់លំនៅដ្ឋានថាមាន «គុណភាពល្អឥតខ្ចោះ និងសមនឹងទទួលបានពិន្ទុខ្ពស់បំផុត»។ មេដឹកនាំកូរ៉េខាងជើងក៏បានទាមទារឱ្យផ្លូវរត់អាកាសយានដ្ឋានដែលបានពង្រីកត្រូវបំពេញតាមស្តង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

លោកបានសង្កត់ធ្ងន់ថា «ការជួសជុល និងការពង្រីកអាកាសយានដ្ឋានត្រូវតែផ្តល់អាទិភាពមុនពេលប្រែក្លាយ Samjiyon ទៅជាគោលដៅទេសចរណ៍ភ្នំដ៏ពិសេសមួយ»។ រូបភាពដែលចេញផ្សាយដោយ KCNA បង្ហាញថា គីម ជុងអ៊ុន និងកូនស្រីរបស់គាត់ គឺគីម ជូអេ កំពុងធ្វើដំណើរកម្សាន្តសណ្ឋាគារមួយ និងត្រួតពិនិត្យកន្លែងនានានៅជិតភ្នំដែលគ្របដណ្តប់ដោយព្រិល។ ចារកម្មកូរ៉េខាងត្បូងជឿថា ជូអេ កំពុងរៀបចំខ្លួនដើម្បីស្នងតំណែងឪពុករបស់នាង។

លោក គីម ក៏បានឡើងភ្នំ Paektu ដើម្បីត្រួតពិនិត្យស្ថានីយ៍រថយន្តខ្សែកាបដែលទើបសាងសង់ថ្មី និងសំណង់ផ្សេងៗទៀត ដោយទាមទារស្តង់ដារគុណភាពខ្ពស់បំផុត។

លោកបានប្រកាសថា “សំណង់នីមួយៗដែលសាងសង់នៅកន្លែងដ៏ពិសិដ្ឋនេះ ដែលមានសារៈសំខាន់ខាងបដិវត្តន៍ ទោះបីជាមានទំហំតូចក៏ដោយ គឺជាទីសម្គាល់និមិត្តរូបតែមួយគត់របស់ប្រទេសយើង និងជាកន្លែងទាក់ទាញភ្ញៀវទេសចរលំដាប់ពិភពលោកដែលមិនអាចប្រៀបផ្ទឹមបាននៅកន្លែងផ្សេងទៀត”។
ដំណើរទស្សនកិច្ចត្រួតពិនិត្យនេះកើតឡើងចំពេលមានការរំពឹងទុកអំពីដំណើរទស្សនកិច្ចក្រៅប្រទេសដែលអាចកើតមានរបស់លោក គីម ជុងអ៊ុន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី 16 ខែវិច្ឆិកាថា លោកអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅប្រទេសចិនក្នុងសប្តាហ៍នេះ៕


ចែករំលែក៖