ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសសរុបចំនួន ១៤ ករណី និងឃាត់ខ្លួនជនសង្ស័យ៣១នាក់មានជនជាតិខ្មែរ,ចិន និងប៉ាគីស្ថាន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបករណីអំពើលួច និងលួចមានស្ថានទម្ងន់ទោស រួមមាន លួចកាត់ខ្សែភ្លើង និងសម្ភារៈលោហៈ លួចម៉ូតូ ឆក់ទូរស័ព្ទ វាយប្លន់យកទូរស័ព្ទ លួចម៉ាស៊ីនត្រជាក់ ឆបោកតាមរយៈការក្លែងបន្លំប្រតិបត្តិការផ្ទេរប្រាក់ រំលោភលើទំនុកចិត្ត ហិង្សាដោយចេតនា កំហែងយកមានស្ថានទម្ងន់ទោស ព្រមទាំងករណីកាន់កាប់ និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ។

ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសសរុបចំនួន ១៤ ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣១ នាក់ ក្នុងនោះមានជនជាតិខ្មែរ ជនជាតិចិន និងជនជាតិប៉ាគីស្ថាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលពាក់ព័ន្ធ និងអ្នកដែលកំពុងគេចខ្លួន ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត និងប្រមូលវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទដៃ ខ្សែភ្លើង និងស្ពាន់ ឧបករណ៍កាត់ខ្សែ កាំបិត ដាវកែច្នៃ ទួណឺវីស ព្រមទាំងអាវុធខ្លីចំនួន ៤ដើម បង់អាវុធ គ្រាប់រំសេវចំនួន ២៨ គ្រាប់ និងឧបករណ៍ខ្ទប់សំឡេងមួយដើម ព្រមទាំងវត្ថុតាងផ្សេងៗទៀត ។

ចំពោះសម្ភារៈវត្ថុតាងមួយចំនួន ដែលជាផលនៃអំពើល្មើស ដូចជាម៉ូតូ និងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ និងបុគ្គលចំនួន ២នាក់ ដែលពាក់ព័ន្ធ នឹងការទទួលទិញម៉ូតូ ក្រោយពីបានសាកសួរ ធ្វើការអប់រំ កិច្ចសន្យា និងមានអ្នកធានាត្រឹមត្រូវ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញដោយទទួលបានគោលការណ៍ដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្របតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនក្នុងខេត្តព្រះសីហនុ ៕

ដោយ៖សុរិយា


ចែករំលែក៖