ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​ ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន បានស្នើជាថ្មីម្តងទៀតដល់ប្រទេសថៃ ឱ្យសហការជាមួយកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) សំដៅដោះស្រាយឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពប្រកបដោយចីរភាព។

បើតាមការបញ្ជាក់របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាវិញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្តេចធិបតីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តស្រង់ប្រសាសន៍របស់សម្តេចធិបតីយ៉ាងដូច្នេះថា៖ «ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ជិតមួយឆ្នាំទៅហើយក្តី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែនមិនច្បាស់លាស់ ដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។ ដោយសារហេតុផលនេះហើយ ទើបសម្តេចធិបតីស្នើម្តងទៀតដល់ប្រទេសថៃ ស្នើឱ្យសហការជាមួយនឹងកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដោយ JBC»។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់បន្ថែមថា សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺអនុលោមតាមអ្វីដែលបានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលកម្ពុជានិងថៃបានចុះហត្ថលេខារួមគ្នា ក្នុងនោះរួមមាន សេចក្តីប្រកាសកូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងជាពិសេសសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមប្រសាសន៍របស់សម្តេចធិបតី សកម្មភាពវាស់វែង និងខណ្ឌសីមាព្រំដែននេះ នឹងជួយឱ្យប្រទេសទាំងពីរ កម្ពុជា-ថៃ ដោះស្រាយបញ្ហាបានដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដ៏យូរអង្វែងចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងឈានទៅរកសន្តិភាពប្រកបដោយចីរភាពសម្រាប់ប្រជាជាតិទាំងពីរ៕

ដោយ​៖ តារា​


ចែករំលែក៖