ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីក្រសួងរ៉ែ​ កែវ​ រតនៈ​៖​ រាជរដ្ឋាភិបាល ប្រកាសគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់​ ក្រោមឥណទាន១៨៣លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមឥណទាន១៨៣លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី​រ៉ែ​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងរ៉ែ និងថាមពល មានកិត្ដិយសជួសមុខ ឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសនូវការសាងសង់ ខ្សែបញ្ជូន២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់»។ 

លោករដ្ឋមន្ត្រី​ បន្តថា​ គម្រោងនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌឥណទាន ១៨៣លានដុល្លារ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងអគ្គិសនីកម្ពុជា ដែលតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។ 

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ នឹងទទួលបានការភ្ជាប់ខ្សែតង់ស្យុងខ្ពស់ និងអនុស្ថានីយរបស់បណ្តាញជាតិបន្ថែម ហើយនឹងមានលទ្ធភាព

(១)៖ ពង្រីកការទទួលថាមពលបៃតង

(២)៖ បន្ថយអត្រាដាច់ភ្លើងនិងបង្កើនគុណភាពអគ្គិសនី

(៣)៖ ជួយបង្កើតការងារថ្មីៗ ជូនប្រជាពលរដ្ឋតាមផែនការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងលើកោះនិងដីគោក៕

ដោយ​៖ តារា​


ចែករំលែក៖