ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ពេជ្រ និល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំខ្លួនឈ្មោះ ឈួង ម៉យ ហៅក្រៅ ង៉ោល ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយប្តឹងចោទប្រកាន់ ឈួង ម៉យ ហៅក្រៅ ង៉ោល ស្ដីពីករណីលួច ម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AD-6632 ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំងជំនាញមូលដ្ឋានធ្វើការសួរចម្លើយតាមនីតិវិធី ក្រោយជំនាញសាកសួរជនសង្ស័យឈ្មោះ ឈួង ម៉យ (ង៉ោល) បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះ ពិតប្រាកដមែន ដោយខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយបានយកទៅលកឱ្យបក្ខពួកម្នាក់ ទៀត ឈ្មោះ ពៅ ក្រហ៊ុប (ចាន់ពៅ) ភេទប្រុស អាយុប្រហែល៤៦ឆ្នាំ ក្នុងតម្លៃ៥០០.០០០រៀល(ហាសិបម៉ឺនរៀល) ដោយខ្លួនយកលុយពីឈ្មោះ ពៅ ក្រហ៊ុប (ចាន់ពៅ) តែចំនួន១០០.០០០រៀល(ដប់ម៉ឺនរៀលតែប៉ុណ្ណោះ ចំណែកលុយនៅសល់ ខ្លួនកាត់យកជាគ្រឿងញៀនប្រភេទម៉ាទឹកកកពីឈ្មោះ ពៅក្រ ហ៊ុប (ចាន់ពៅ) វិញ គឺយកទៅប្រើប្រាស់និងចែកចាយបន្ត។
ដោយទទួលបានតម្រុយបទល្មើសនិងបក្ខពួក កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹក នាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ បានចុះបង្រ្កាបទីតាំងស្នាក់នៅជនសង្ស័យឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) នៅវេលាម៉ោង១០និង ៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចម្តុំដីស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ក្រហ៊ុប (ចាន់ពៅ) និងបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅកន្លែងស្នាក់នៅរបស់ជនសង្ស័យឈ្មោះ ពៅ ក្រហ៊ុប (ចាន់ពៅ) រកឃើញមានបំណែកម៉ូតូនិងវត្ថុតាងដូចជា ស្រោមសំបុត្រពណ៌គគីរបិទជិត ចំនួន០១សំបុត្រ (មានថ្នាំគ្រាប់ពណ៌ក្រហមក្បឿង (WY) ចំនួន១៤៤គ្រាប់កន្លះ ទម្ងន់ ១៨,៥៥ក្រាម, ម្សៅក្រាមពណ៌សថ្លា ចំនួន១២៨ កូនថង់កិប(០១ថង់ធំ) ទម្ងន់៦១,១០ក្រាម), ហិប ចំនួន ០៣ (ហិបដែក០២ ហិបឈើ០១), ជញ្ជីងថ្លឹងគ្រឿង ញៀន ចំនួន០៣គ្រឿង, កាំបិតកែច្នៃ ចំនួន០២ដើម, ម៉ាស៊ីនសម្រាប់អ៊ុតមាត់ថង់ ចំនួន០១គ្រឿង, កូនស្លាបព្រាដែក ចំនួន០១,កូនកាបូបពណ៌ខ្មៅ ចំនួន០១, ផ្លាកលេខម៉ូតូចំនួន០១សន្លឹក,កង់ម៉ូតូ ចំនួន០១គូរ, បំណែកម៉ូតូមួយចំនួន, កាតគ្រីម៉ូតូ ចំនួន០១សន្លឹក, ឯកសារមួយចំនួន, និងថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់ការតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច