លោក Mauricio Pochettino បានប្តេជ្ញាថា នឹងស្តារក្រុម Manchester United ឱ្យក្លាយជាក្រុមបាល់ទាត់ដែលជោគជ័យបំផុតនៅក្នុងទីក្រុង Manchester ខណៈលោកត្រៀមចូលកាន់តំណែងជាអ្នកចាត់ការថ្មីនៅថ្ងៃពុធនេះ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះជាមួយ Manchester United ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមការងារថ្មីភ្លាមៗ បន្ទាប់ពីបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិអាមេរិក។
ក្រោយពេលអាមេរិកយកឈ្នះ Haiti ២-០ នៅទីក្រុង Cincinnati ក្នុងការប្រកួតចុងក្រោយរបស់លោកកាលពីថ្ងៃអង្គារ លោក Pochettino បានឆ្លើយតបចំពោះការលេងសើចរបស់អតីតកីឡាករ Manchester City លោក DaMarcus Beasley ដែលថា «Manchester គឺពណ៌ខៀវ ហើយវានឹងនៅតែពណ៌ខៀវជានិច្ច»។
លោក Pochettino បានឆ្លើយតបយ៉ាងដាច់ខាតថា៖ «មិនអាចទេ! អ្នកនឹងឃើញ។ ផ្តល់ពេលវេលាឱ្យខ្ញុំ ហើយអ្វីៗនឹងផ្លាស់ប្តូរ»។
លោក Pochettino ដែលធ្លាប់ដឹកនាំ Chelsea, Tottenham និង Southampton ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ Manchester ភ្លាមៗក្រោយការប្រកួត។
លោកបានបញ្ជាក់ថា ការប្រកួតប្រជែងថ្មីនេះធ្វើឱ្យលោកមានកម្លាំងចិត្ត និងរំភើប ប៉ុន្តែលោកក៏មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីដោះស្រាយសម្ពាធ និងបញ្ហាប្រឈមនៅ Manchester United ផងដែរ។
ការឈ្នះ Haiti បានជួយអាមេរិកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Concacaf Nations League ហើយលោក Pochettino បញ្ចប់ការដឹកនាំក្រុមជម្រើសជាតិដោយមានអត្រាជ័យជម្នះ ៦២,១៦% ក្នុងការប្រកួតចំនួន ៣៧ លើក។
ក្នុងអំឡុងពេលដឹកនាំ លោកបាននាំអាមេរិកឡើងទៅវគ្គផ្តាច់ព្រ័ត្រ Gold Cup ឆ្នាំ ២០២៥ និងវគ្គ ១៦ ក្រុមចុងក្រោយនៃ World Cup 2026។
លោក Pochettino បានបង្ហាញអារម្មណ៍មោទនភាពចំពោះសមិទ្ធផលដែលសម្រេចបាន និងសង្ឃឹមថា ក្រុមអាមេរិកនឹងបន្តរីកចម្រើន ទាំងកីឡាករ និងអ្នកគាំទ្រ។
លោកក៏បានទទួលស្គាល់ថា ការចាកចេញនៅពេលនេះគឺជាការលំបាក ប៉ុន្តែឱកាសថ្មីនៅ Manchester United គឺជាឱកាសដែលលោកមិនអាចបដិសេធបាន ដោយលោកតែងតែជឿជាក់លើការធ្វើតាមបេះដូងរបស់ខ្លួន៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច