ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីចោរកម្មលួចម៉ាស៊ីនត្រជាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង២៣ និង៣០នាទីកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ល្បាតនៅចំណុចផ្លូវបេតុងខាងត្បូងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកស្រុកសាមគ្គីមុនីជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស្រស់ ហុងឡា (ហៅជ្រូក) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកំពង់ជិះម៉ូតូដឹកម៉ាសុីនត្រជាក់០១គ្រឿង ក្នុងទិសដៅពីលិចទៅកើត ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ រូបគេបានឆ្លើយសារភាពថា ម៉ាសុីនត្រជាក់ខាងលើ គឺរូបគេបានឡើងរបង ចូលទៅដោះដុំម៉ាសុីនត្រជាក់ នៅក្នុងសហគ្រាសចម្រាញ់ប្រេងខ្មៅ ស្ថិតនៅក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង បន្ទាប់ពីធ្វើសកម្មភាពរួចក៏បានជិះម៉ូតូដឹកដុំម៉ាសុីនត្រជាក់មកតាមផ្លូវ ក៏បានជួបសមត្ថកិច្ចកំពង់ល្បាតតាមផ្លូវ ក៏ត្រូវបានឃាត់ខ្លួន និងធ្លាប់ធ្វើសកម្មភាពលួចខ្សែភ្លើង នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ចំនួន៣ទៅ៤ដង ។
មន្ត្រីនគរបាលបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២៤ ។
+ដកហូតវត្ថុតាង:
– ម៉ូតូ០១គ្រឿង
– ដុំម៉ាសុីនត្រជាក់០១គ្រឿង
– ទុយោស្ព័នម៉ាសុីនត្រជាក់០១ដុំ
– ដង្កាប់០១ដើម ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីខាងលើជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច