ប្រទេសចិន ៖ ថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកPutin ប្រធានាធិបតីរុស្ស៊ីដែលបានអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថា្នក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅក្រុងShenzhen។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ី ហើយក៏ជាខួបលើកទី២៥នៃការចុះហត្ថលេខាលើសទ្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ីផងដែរ។ ភាគីចិននិងរុស្ស៊ីគួរដើរតួនាទីនៃយន្តការផ្លាស់ប្តូររវាងរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ យោធានិងគណបក្ស ដើម្បីធានាឱ្យគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរទទួលបានការអនុវត្តជាក់ស្តែង។
ជាមួយគ្នានេះ លោក Xi Jinping ក៏បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិននិងរុស្ស៊ីមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយការអភិវឌ្ឍរបស់អាស៊ី-ប៉ាស៊ីហ្វិក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកគឺជាវេទិកាសំខាន់មួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ ភាគីចិនរីករាយធ្វើការជាមួយមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកបូករួមទាំងភាគីរុស្ស៊ីផង ដើម្បីរួមគ្នាស្វែងរកផែនការមេស្តីពីវិបុលភាពនិងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមនិងចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក។
ជាការឆ្លើយតប លោកPutinបានថ្លែងថា ភាគីរុស្ស៊ីរីករាយធ្វើការជាមួយភាគីចិន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងដំណើរការពិភពលោកពហុប៉ូលសជាសកល និងការកសាងប្រព័ន្ធអភិបាលកិច្ចជាសកលដែលកាន់តែមានយុត្តិធម៌និងសមហេតុផល ដើម្បីដើរតួនាទីសំខាន់សម្រាប់ការថែរក្សាស្ថិរភាពនៃទំនាក់ទំនងអន្តរជាតិ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច