ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង​ នៅស្រុកបាធាយ

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) នៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង​២កម្រិត​នេះ ចំនួន ១០៤នៅទូទាំងប្រទេស។​

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា យើងបានធ្វើចេញជាលទ្ធផលជាក់ស្ដែងរួចហើយ នឹងបន្តធ្វើតទៅទៀតជូនប្រជាពលដ្ឋរបស់យើង, ហើយនៅក្នុង ៤០ (គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែក) កន្លែងដែលនៅសល់នេះ សូមដាក់មកដើម្បីពិនិត្យមើល ពីព្រោះ ការកែលម្អ ៦០ កន្លែងនេះកាលពីមុនសង្គ្រាមថៃឈ្លានពាននៅព្រំដែន និងមុនបញ្ហាប្រេងឡើងថ្លៃ ។

-​ សម្ដេចធិបតី​ គូសបញ្ជាក់បន្ថែមថា​ ដូច្នេះយើងត្រូវពិនិត្យមើលចំពោះកន្លែងដែលនៅសល់ដើម្បីបន្តធ្វើបន្ថែមឆ្នាំនេះខ្លះ និងឆ្នាំក្រោយខ្លះ ដើម្បីធ្វើម៉េចឱ្យបានទូទាំងប្រទេសរបស់យើងមានមន្ទីរពេទ្យបង្អែកស្រុកមានកន្លែងវះកាត់ សង្គ្រោះបន្ទាន់នៅគ្រប់កន្លែងកាត់បន្ថយការបញ្ជូនបន្តទៅតាមខេត្ត ឬទៅភ្នំពេញ។

សម្ដេចធិបតី ថ្លែងថា​ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារកសាងប្រព័ន្ធអេកូឡូស៊ីសុខាភិបាលឡើងវិញពីចំណុចសូន្យ ដោយផ្ដោតលើការកសាងក្របខណ្ឌគតិយុត្ត, ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការអភិវឌ្ឍធនធានមនុសស និងការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី ថ្លែងថា​ នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទន និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាព ពិគ្រោះធ្វើរោគវិនិច្ឆ័យ ការព្យាបាលជាលំដាប់។

សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកសុខភាពប្រជាពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍមូលដ្ឋានមនុស្ស និងការថែទាំសុខភាពសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល។

-​ សម្ដេចធិបតី​ គូសបញ្ជាក់ថា​ ការពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ និងការពង្រឹងប្រព័ន្ធគាំពារសុខភាពសាធារណៈ ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។

សម្ដេចធិបតី ថ្លែងថា​ ទោះជាយ៉ាងណាយើងនៅមិនទាន់មានគ្រូពេទ្យឯកទេសគ្រប់ ឬបុគ្គលិកសុខាភិបាលមានជំនាញវះកាត់សំខាន់ៗគ្រប់សម្រាប់អ្នកជំងឺ ហើយយើងក៏នូវខ្វះឧបករណ៍មួយចំនួន, ការណ៍នេះធ្វើឱ្យគុណភាពសុខាភិបាលយើងមានការខ្វះខាត និងជួបញ្ហាប្រឈម ប៉ុន្ដែរដ្ឋាភិបាលកំពុងអនុវត្ត និងធ្វើការដោះស្រាយលើបញ្ហានេះ។

សម្ដេចធិបតី ថ្លែងថា​ ការរៀបចំ សមត្ថភាព សំខាន់ណាស់ធនធានមនុស្ស, មានឧបករណ៍ទំនើប តែអត់មានមនុស្សចេះប្រើវា អត់កើតទេ ទុកចោល ខាតលុយលើសដើម, ដូច្នេះត្រូវដាក់ទិសដៅក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស, មានពីរដំណាក់កាល, ដំណាក់កាលចំពោះមុខរកដំណោះស្រាយរយៈពេលខ្លី ឃើញខេត្ត រាជធានីរបស់យើងបានធ្វើ កន្លែងខ្លះត្រូវចែកធនធានមួយចំនួន, ទីពីរ ឥឡូវយើងរកឱកាសមួយទៀតតាមរយៈការទាក់ទាញធនធានមនុស្សឬប្រមូលធនធានមនុស្ស ពីមុនយើងមានតែបុគ្គលិករយៈពេលវែង និងបុគ្គលិកក្របខណ្ឌ, ពេលនេះយើងបង្កើតរូបមន្តថ្មី ធ្វើការសាកល្បង ជ្រើរើសបុគ្គលិកកុងត្រា ឬកិច្ចសន្យា។

សម្ដេចធិបតី ថ្លែងថា​ មន្ទីរពេទ្យរដ្ឋ គិតពីនិរន្តរភាព និងចីរភាព គឺអភិវឌ្ឍមូលដ្ឋានពេទ្យ ដែលមានក្របខណ្ឌអចិន្រ្ដៃយ៍ យ៉ាងហោចណាស់ អប្បបរិមាណ ដើម្បីធានានូវកិច្ចការសំខាន់ គឺពេទ្យក្របខណ្ឌ, អីចឹងនៅទីនេះការបណ្ដុះបណ្ដាលពេទ្យក្របខណ្ឌយ៉ាងម៉េច គួរឱ្យអាទិភាពទៅដល់ពេទ្យមូលដ្ឋានទៅ, ព្រោះបើយើងបណ្ដុះនៅកណ្ដាល ហើយទម្លាក់មក គឺយូរណាស់, អីចឹងគួរដាក់ទិសដៅទៅ ពេទ្យយើងនៅមូលដ្ឋាន ជ្រើសរើសអ្នកដែលនៅមូលដ្ឋានស្រាប់ គាត់នៅទីនេះយូរហើយ គាត់នឹងទៅទីនេះទៀត ហើយយកគាត់ទៅបណ្ដុះបន្ថែម ព្រោះថ្ងៃក្រោយគាត់នឹងទៅទីនេះ (មូលដ្ឋានរបស់គាត់)។

សម្ដេចធិបតី​ ថ្លែងថា​ នៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំនេះ គឺយើងប្រយ័ត្នមែនទែន, ការរើសពេទ្យ និងការបំពាក់ឧបករណ៍ពេទ្យ គឺត្រូវមាននិយាមច្បាស់លាស់, SOP និងម៉ោងពេល ត្រូវមាននិយាមច្បាស់លាស់ដូចគ្នា។

សម្ដេចធិបតី​ ថ្លែងថា​ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្ដីសិង្ហបុរី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្ដេចបានលើកទឹកចិត្តឱ្យមានការវិនិយោគបច្ចេកវិទ្យា និងជំណាញពីប្រទេសសិង្ហបុរី មកបង្កើតនៅភ្នំពេញ ដែលជាការផ្ទេរជំនាញ បច្ចេកវិទ្យា នៅកម្ពុជា ដើម្បីកម្ពុជាអាចម្ចាស់ការទទួលបានជំនាញខ្លួនឯងនៅរយៈពេល ១០ ឬ២០ឆ្នាំខាងមុខ។

សម្ដេចធិបតី ថ្លែងថា​ នៅក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានអូសទាញផ្ដួចផ្ដើមឱ្យបង្កើតនៅការិយាល័យកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចសម្រាប់តំបន់ហ្វ្រង់កូហ្វូនី និងអាស៊ាននៅកម្ពុជា ដែលនេះគឺជាមជ្ឈមណ្ឌលដ៏សំខាន់ណាស់។ ជាមួយគ្នានេះ កម្ពុជា បានធ្វើការជាមួយបារាំង ដើម្បីផ្លាស់ប្ដូរទីតាំងនៃមជ្ឈមណ្ឌល អប់រំ បណ្ដុះបណ្ដាល ក្នុងវិស័យអប់រំតំបន់ របស់ហ្រ្វង់កូហ្វូនីពីប្រទេសវៀតណាម មកដាក់នៅកម្ពុជាផងដែរ។ ក្រៅពីនេះ ទៅថ្ងៃក្រោយក្រុមហ៊ុនមួយចំនួនបានជ្រើសរើសកម្ពុជាទុកជាស្នាក់ការតំបន់ផងដែរ ដែលនេះបញ្ជាក់ពីសមត្ថភាពរបស់កម្ពុជា។

សម្ដេចធិបតី ថ្លែង​បង្ហាញមោទនភាពដែលកម្ពុជាទើបតែបញ្ចប់ការធ្វើជាម្ចាស់ផ្ទះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

-​ សម្ដេចធិបតី​ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងក្រៅប្រទេសដែលបានយល់ពីតម្លៃ និងរួមគ្នា ជួយគាំទ្រ និងលើកទឹកចិត្ត ចំពោះការរៀបចំកិច្ចប្រជុំនេះរួមទាំងធ្វើការស្វាគមន៍ដោយផ្ទាល់ និងដោយប្រយោល តាមរយៈបណ្ដាញសង្គមនានារួមទាំងការចូលទៅខមិននៅក្នុងផែករបស់ថ្នាក់ដឹកនាំប្រទេសនានាដែលបានមកកម្ពុជាដែលថតកម្ពុជាបង្ហោះ។

សម្ដេចធិបតី ថ្លែងថា​ ការសម្រេចឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងចំណោមប្រទេសសមាជិកចំនួន ៩០ ប្រទេស គឺជាមោទនភាពធំ ខណៈនៅក្នុងតំបន់អាស៊ានមានសមាជិក ៣ប្រទេ កម្ពុជា វៀតណាម ឡាវ តែកម្ពុជាត្រូវបានឯកភាពជាឯកច្ឆន្ទពីសមាជិក ៩០ប្រទេសបានចូលរួមបោះឆ្នោតគាំទ្រឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានមេដឹកនាំប្រទេសមួយបានមកកម្ពុជា ដែលសមាជិក ៩០ប្រទេសមានប្រជាពលរដ្ឋសរុប ១៥០០លាននាក់នៃសហគមន៍ហ្រ្វង់កូហ្វូនីនេះ។

សម្ដេចធិបតី​ ថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០របស់កម្ពុជា ក៏បានបញ្ជាក់អំពីតម្លៃនៃកេរដំណែលជាប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលកម្ពុជាមានសម្ដេចតា គឺព្រះករុណ ព្រះបរមរតនកោដ្ឋា គឺជាសហស្ថាបនិកមួយរូបនៃអង្គការអន្តរជាតិមួយនេះ ដែលបន្តឱ្យកម្ពុជាបានធ្វើម្ចាស់ផ្ទះ និងបន្តកេរដំណែលជាប្រវត្តិសាស្រ្ដនេះ។

សម្ដេចធិបតី​ ថ្លែងថា​ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វីនីលើកទី២០នៅកម្ពុជា រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៥ លានដុល្លារ ខណៈក្រៅពីនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រមួយចំនួនពីបណ្ដាស្ថានទូតប្រទេសជាមិត្ត អង្គការ និងវិស័យឯកជនមួយចំនួនផងដែរ។

សម្ដេចធិបតី​ ថ្លែងថា​ ការរៀបចំព្រឹត្តិការណ៍អម នៅភូមិហ្វ្រង់កូហ្វូនី នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាជាង ៦៦ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង ២ម៉ឺនាក់។

សម្ដេចធិបតី ថ្លែងថា​« ១ដុល្លារ ក៏ច្រើនដែរបើយើងចាយខុសគោលដៅ, ១៥ លានដុល្លារ ចំណាយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ បើយើងគិតលើការចំណាយកាលពីវ៉ៃគ្នា ថ្ងៃខ្លះក្នុងមួយថ្ងៃការចំណាយច្រើនជាងនេះ ដូច្នេះយើងមិនធ្វើសង្គ្រាមទេ ទុកលុយមកពង្រឹងខ្លួនយើង, ហើយ ១៥ លានដែលយើងចាយមករៀបចំហ្រ្វង់កូហ្វូនីនេះ មិនមែនចាយខ្ជះខ្ជាយទេ តែចាយដើម្បីពង្រឹងកម្ពុជា យើងត្រូវពង្រឹងខ្លួនយើង»។

សម្ដេចធិបតី ថ្លែងថា​ ការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញសក្ដានុពលកម្ពុជា ទៅដល់ប្រទេសសមាជិកហ្រ្វង់កូហ្វូនីដែលមានពលរដ្ឋ ១៥០០លាននាក់, បង្ហាញពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា, បង្ហាញពីការពិតពីការទុកចិត្ត និងសន្ដិសុខ សុវត្ថិភាពរបស់កម្ពុជា តាមរយៈប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានដើរលេងកម្សាន្តយ៉ាងរីករាយនៅទីសាធារណៈកម្ពុជា ដោយគ្មានការព្រៀងទុកឡើយ ហើយប្រកបដោយសុវត្ថិភាពទាំងនៅភ្នំពេញ ខេត្តសៀមរាប និងបណ្ដាតំបន់ផ្សេងទៀត ជាពិសេសផ្លាស់ប្ដូរពីការផ្សព្វផ្សាយអវិជ្ជមាន មកជាវិជ្ជមានចំពោះកម្ពុជាឡើងវិញ។

សម្ដេចធិបតី ថ្លែងថា​ វេទិកាធុរកិច្ចកម្ពុជា-បារាំង មាន ៦០០នាក់ ក្នុងនោះមាន ២៧៥ ក្រុមហ៊ុន ទាំងខ្មែរ និងបារាំង បានបង្កើតទំនាក់ទំនងផ្សេងៗលើការវិនិយោគជាមួយគ្នា។ ចំណែកជំនួបសហគ្រិនហ្វ្រង់កូហ្វូនី មានមានអ្នកធុរកិច្ចចំនួន ១ពាន់នាក់ចូលរួម និងមានក្រុមហ៊ុនចូលរួមជាង ៧៥០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសមានជិត ៥០០ក្រុមហ៊ុន ដែលគេចុះមកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគរបស់យើង។

សម្ដេចធិបតី ថ្លែងថា ពេលខ្ញុំចូលទៅសម្ពោធ ហ្រ្វង់កូតិច, ខ្ញុំប្រាប់ថា ឥឡូវគេមកដល់ផ្ទះហើយ (វិនិយោគិនបរទេសមកចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី) ចាប់គេបង្ហាញគេទៅ ព្រោះហៅគេនៅឆ្ងាយ បង្ហាញរូបថតគេលំបាកមើល ឥឡូវគេមកដល់ផ្ទះហើយ នាំគេទៅមើលក្រុមហ៊ុនយើង ទៅមើលហេដ្ឋារចនាសម្ព័ន្ធ ទៅជួប CDC, ទៅមើលគោលនយោបាយរបស់យើង ចុះបាន MoU មួយចំនួន ហើយចាប់ដៃជាច្រើនទៀតនេះជាផលចំណេញ។

គួរជម្រាបជូនថា​ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោត​ការ​យកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាល​កាន់​តែល្អប្រសើរ ដើម្បីជាទីពឹងរបស់ប្រជាពលរដ្ឋមានមានជំងឺ ឬបញ្ហាសុខភាព។

សម្តេចមហាបវរធិបតី បានដាក់ចេញនូវវិធានការគន្លឹះចំនួន៣ ក្នុងការលើកកម្ពស់គុណភាពសេវា​សុខា​ភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។ វិធានការគន្លឹះទាំង៣នោះរួមមាន៖

១) ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ២) ការអភិវឌ្ឍសមត្ថភាព​ស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និងការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, ៣) ការកសាង​ភាព​ជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបាន​សេវា​​ថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក ជាវិធានការគន្លឹះ​មួយរបស់សម្តេចមហាបវរធិបតី ពង្រឹងការផ្តល់សេវា និងការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរ​ដល់ប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះបឋមនៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតម្រូវវះ​កាត់​បន្ទាន់នោះ។

អនុវត្តតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័ត​ថវិកាសរុបចំនួន ១៨ ៣០០ ០០០ដុល្លារអាមេរិក សម្រាប់ការ​អនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន ៦១កន្លែង (កម្រិត១ CPA1 និងកម្រិត២ CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៕

ដោយ​៖ ស​ តារា


ចែករំលែក៖