ក្លិប Leicester City បានសម្រេចបញ្ចប់ភាពជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុន BC Game ដែលជាក្រុមហ៊ុនភ្នាល់ល្បែង បន្ទាប់ពីមានប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជុំវិញការតែងតាំងតារាសម្ដែងភាពយន្តអាសអាភាសម្នាក់ឱ្យធ្វើជាឯកអគ្គរដ្ឋទូតម៉ាករបស់ក្រុមហ៊ុន។
ក្លិបដែលបច្ចុប្បន្នកំពុងប្រកួតប្រជែងក្នុងលីគលំដាប់ទី៣ របស់អង់គ្លេស (League One) បានប្រកាសពីការបញ្ចប់កិច្ចសហការនេះ បន្ទាប់ពីក្រុមហ៊ុន BC Game បានតែងតាំងតារាសម្ដែងអាសអាភាសសញ្ជាតិរុស្ស៊ី Eva Elfie ជាឯកអគ្គរដ្ឋទូតម៉ាកកាលពីដើមខែនេះ។
BC Game បានក្លាយជាអ្នកឧបត្ថម្ភធំលើអាវប្រកួតរបស់ Leicester ចាប់តាំងពីដើមរដូវកាល ២០២៤-២៥ មក។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្លិប Leicester City បានបញ្ជាក់ថា៖
«ក្លិបបាល់ទាត់ Leicester City និងក្រុមហ៊ុន BC.GAME បានឈានដល់កិច្ចព្រមព្រៀងរួមគ្នា ដើម្បីបញ្ចប់ភាពជាដៃគូពាណិជ្ជកម្មរបស់យើងជាបន្ទាន់»។
ក្លិបបានបន្ថែមថា៖ «ការសម្រេចចិត្តនេះកើតឡើងក្រោយពីមានការពិភាក្សាប្រកបដោយស្ថាបនារវាងភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយយើងបានទទួលស្គាល់ថា ភាគីទាំងពីរមានអាទិភាពពាណិជ្ជកម្មខុសៗគ្នាសម្រាប់អនាគត»។
ការតែងតាំង Eva Elfie បានបង្កឱ្យមានការមិនពេញចិត្តពីសំណាក់ក្រុមអ្នកគាំទ្រ Foxes Trust Supporters Group ដែលជាក្រុមអ្នកគាំទ្ររបស់ Leicester ដោយបានលើកឡើងពីក្ដីបារម្ភចំពោះការចាប់ដៃគូជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការភ្នាល់ល្បែង។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រុមអ្នកគាំទ្រនេះបានចេញសេចក្តីថ្លែងការណ៍រិះគន់ថា៖
«ចាប់តាំងពីពេលដែលក្លិបសម្រេចចិត្តទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនភ្នាល់ល្បែងមក យើងមានអារម្មណ៍ថា Leicester City កំពុងបោះបង់ចោលតម្លៃ និងគោលការណ៍របស់ខ្លួន»។
ក្រុមអ្នកគាំទ្របានបន្តថា៖
«ទាំងការលេងល្បែងស៊ីសង និងឧស្សាហកម្មភាពយន្តអាសអាភាស សុទ្ធតែអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស ជាពិសេសយុវជន។ កិច្ចសហការបែបនេះបាននាំឱ្យពិភពលោកទាំងពីរនេះកាន់តែមានអ្នកស្គាល់ច្រើន ហើយតាមរយៈការភ្ជាប់ឈ្មោះជាមួយក្លិប ក៏ធ្វើឱ្យវាមានទំនាក់ទំនងជាមួយ Leicester City ផងដែរ»។
ពួកគេបានបញ្ចប់ដោយលើកជាសំណួរថា៖ «តើនេះជាអត្តសញ្ញាណរបស់យើងនៅពេលបច្ចុប្បន្នមែនឬ?»។
គួររំឭកថា Leicester City ធ្លាប់បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយបានឈ្នះជើងឯកក្របខណ្ឌ Premier League ក្នុងរដូវកាល ២០១៥-១៦ ទោះបីជាមុនរដូវកាលនោះ ក្លិបមិនត្រូវបានគេរំពឹងថានឹងអាចឈ្នះពានក៏ដោយ។
ប៉ុន្តែបច្ចុប្បន្ន ក្លិបដែលមានមូលដ្ឋាននៅតំបន់ Midlands ប្រទេសអង់គ្លេស កំពុងប្រកួតប្រជែងនៅលីគលំដាប់ទី៣ បន្ទាប់ពីរងការធ្លាក់ចេញពីលីគចំនួន២រដូវកាលជាប់ៗគ្នា។
ការបញ្ចប់កិច្ចសហការជាមួយ BC Game នាពេលនេះ កើតឡើងក្នុងគ្រាដែលក្លិបកំពុងប្រឈមនឹងការរិះគន់ពីអ្នកគាំទ្រ ជុំវិញជម្រើសដៃគូពាណិជ្ជកម្ម និងរូបភាពតម្លៃរបស់ក្លិប៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច