វៀងចន្ទន៍៖ យោងតាមសេចក្តីរាយការណ៍ពីទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ) កម្លាំងជំនាញពិសេសនៃក្រសួងសន្តិសុខសាធារណៈឡាវ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ បានបើកប្រតិបត្តិការស៊ើបអង្កេត និងឈានទៅដល់ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញមួយកន្លែង ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ៩ នាក់។
ប្រតិបត្តិការចុះឆែកឆេរនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចភូមិដុងខាំសាង (Dong Kham Xang) ស្រុកហាតសៃហ្វុង (Hadxaifong) រដ្ឋធានីវៀងចន្ទន៍។ ការឈានទៅដល់ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមានការសង្ស័យ និងរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងអាជីវកម្មលក់ដុំមួយកន្លែង ធ្វើជាលេសដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់របស់ខ្លួន ជាពិសេសគឺការផ្តល់កម្ចីខុសច្បាប់ និងការឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារៈបម្រើឱ្យបទល្មើសជាច្រើន រួមមាន៖
ទូរសព្ទដៃ ចំនួន ១៤ គ្រឿង
កុំព្យូទ័រលើតុ ចំនួន ៥ គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន ១ គ្រឿង
ថេប្លេត (iPad) ចំនួន ១ គ្រឿង
ម៉ូតូ ចំនួន ៦ គ្រឿង
បារីអេឡិចត្រូនិក ចំនួន ៣ គ្រឿង រួមជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
បច្ចុប្បន្ន ជនសង្ស័យជនជាតិថៃទាំង ៩ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានឃាត់ខ្លួន និងរក្សាទុកដើម្បីបន្តនីតិវិធី។ ទន្ទឹមនឹងនេះ ក្រុមអ្នកស៊ើបអង្កេត និងអ្នកជំនាញបច្ចេកទេស កំពុងធ្វើការត្រួតពិនិត្យ និងវិភាគទិន្នន័យចេញពីឧបករណ៍អេឡិចត្រូនិកដែលដកហូតបាន ដើម្បីស្រាវជ្រាវរករចនាសម្ព័ន្ធបណ្តាញ វិធីសាស្ត្រប្រតិបត្តិការ ក៏ដូចជាកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលភស្តុតាងចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់របស់ ស.ប.ប.ឡាវ យ៉ាងតឹងរ៉ឹងបំផុត។

(ប្រភព៖ សេចក្តីរាយការណ៍ពីទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច