ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុស COVID-19បានរាលដាលខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយពេលនេះ មាន៨៥ប្រទេសហើយរកឃើញមានករណីឆ្លងវីរុសកូវីដ-១៩។ ចំណែកអ្នកឆ្លងវិញបានកើនឡើងដល់ជិត ១សែននាក់ហើយនៅទូទាំងពិភពលោក។
នៅក្នុងប្រទេសចិនដែលជាប្រទេសដំបូងគេផ្ទុះវីរុសនេះ មានអ្នកឆ្លងថយចុះ ផ្ទុយទៅវិញនៅក្រៅប្រទេសចិន មានកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ បារាំង…ជាដើមមានអ្នកឆ្លងកើនឡើងគួឲ្យបារម្ភ។ បណ្តាប្រទេសលោកខាងលិចមានឯកទេសវេជ្ជសាស្ត្រ ប៉ុន្តែមិនអាចរកថ្នាំទប់ស្កាត់ការឆ្លងរាលដាលទាន់ពេលវេលា។
នៅពេលនេះ អ្នកស្លាប់ដោយសារជំងឺនេះ កើនឡើង ៣ ២៥៣ នាក់ ។ ចំណែកអ្នកជំងឺចំនួន ៥១ ១៨០ នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។
ជំងឺរលាកសួតថ្មីបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ឬCOVID-19 បានផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំងបង្កាជាក់លាក់នៅឡើយទេ ។
ប្រទេសចិនដែលជាចំណុចកណ្តាលនៃជំងឺនេះ មានអ្នកឆ្លងសរុប ៨០ ២៧០នាក់, ស្លាប់ ២៩៨១នាក់ និងចាកចេញពីមន្ទីរពេទ្យ៤៩ ៨៥៦នាក់ ។
ប្រទេសកូរ៉េខាងត្បូង ក្លាយជាប្រទេសធ្ងន់ធ្ងរជាងគេដោយសារជំងឺ COVID-19នេះ បន្ទាប់ពីប្រទេសចិន ។ កូរ៉េខាងត្បូងមានអ្នកឆ្លងចំនួន ៥ ៦២១នាក់, ស្លាប់៣៥នាក់ និង៤១នាក់ចាកចេញពីមន្ទីរពេទ្យ ។
ប្រទេសអ៊ីតាលី និងអ៊ីរ៉ង់ ជាប្រទេសលំដាប់ទី៣ និងទី៤រងគ្រោះដោយសារជំងឺ COVID-19 នេះដែរ ។ អ៊ីតាលីមានអ្នកឆ្លងកើនឡើងដល់ ៣ ០៨៩នាក់, បាត់បង់ជីវិត១០៧នាក់ និងចាកចេញពីមន្ទីរពេទ្យ២៧៦នាក់ ។ រីឯអ៊ីរ៉ង់ ឆ្លងចំនួន ២ ៩២២នាក់, បាត់បង់ជីវិត៩២នាក់ និងចាកចេញពីមន្ទីរពេទ្យ៥៥២នាក់។
ប្រភព wikipedia បានបញ្ជាក់ថា មកទល់ពេលនេះ ជំងឺCOVID-19 បានសម្លាប់មនុស្សទូទាំងពិភពលោកសរុបកើនឡើង ៣ ២៥៣ នាក់, ឆ្លងចំនួន ៩៥ ១៤៦នាក់ និងចាកចេញពីមន្ទីរពេទ្យវិញចំនួន ៥១ ១៨០នាក់។ ជំងឺនេះបានឆ្លងដល់ប្រទេសសរុប៨៥ប្រទេស ជុំវិញពិភពលោក ៕ ម៉ែវ សាធី