ប្រទេសចិន៖ បច្ចុប្បន្ន បណ្តាលប្រទេសជុំវិញពិភពលោក មានករណីឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កើនឡើងខ្ពស់គួរឲ្យបារម្ភ ។ មកទល់ពេលនេះមាន ៩៩ប្រទេសជុំវិញពិភពលោក មានករណីឆ្លង Covid-19 ក្នុងនោះមានអ្នកឆ្លង ១០៩ពាន់នាក់ និងស្លាប់ ជិត ៤ពាន់នាក់ ។ ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមនេះ កើនឡើងយ៉ាងឆាប់រហ័ស ក្រោយការផ្ទុះឡើងនៅខេត្តហូប៉ីប្រទេសចិន កាលពីពាក់កណ្តាលខែធ្នូឆ្នាំ ២០១៩។
អ៊ីតាលីបានក្លាយជា ប្រទេសដែលមានអ្នកស្លាប់ ច្រើនបំផុតក្រៅពីប្រទេសចិន គឺមានអ្នកស្លាប់ដោយវីរុសផ្លូវដង្ហើមដល់ទៅ ៣៦៦នាក់ និងឆ្លង ជិត ៨ពាន់នាក់ហើយ។ ចំណែកនៅក្នុងប្រទេសចិនវិញមានករណីឆ្លងវីរុសនេះតែ ៤០នាក់ ប៉ុណ្ណោះនិងស្លាប់ជាង ២០នាក់។ មន្ត្រីចិនបានប្តេជ្ញាថា នៅដើមខែមេសាខាងមុខ ចិននឹងមិនមានករណីឆ្លងកូវីដ-១៩ ទៀតឡើយ។ បច្ចុប្បន្នចិនកំពុងតែទប់ស្កាត់ ការចម្លងវីរុសពីក្រៅប្រទេសវិញ ខណៈក្នុងប្រទេសបានទប់ស្កាត់យ៉ាងល្អបំផុត ។
វិធីសាស្ត្រដែលចិនទប់ស្កាត់មានប្រសិទ្ធភាពនោះគឺ បិទតំបន់ដែលឆ្លងវីរុសទាំងមូល ហាមពលរដ្ឋ ចេញក្រៅផ្ទះ ដោយអនុញ្ញាតឲ្យតែមនុស្សម្នាក់ប៉ុណ្ណោះចេញក្រៅ ដោយមានការការពារយ៉ាងតឹងតែងបំផុត។ ចំណែកក្រុមជំនាញបានដើរបាញ់ថ្នាំកម្ចាត់នៅគ្រប់ច្រកល្ហកទាំងអស់ ។ទាំងនោះហើយបានធ្វើឲ្យប្រទេសមួយចំនួនអនុវត្តតាម ដើម្បីទប់ស្កាត់ ការឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត ។
នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត ចាប់ពីថ្ងៃទី ៩ខែមីនា ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចបិទទ្វារសាលារៀនទាំងអស់ នៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មី Covid-19។ ជាមួយគ្នានោះរដ្ឋាភិបាល បានផ្អាករាល់សកម្មភាព សាសនា ពិសេសគឺព្យុហយាត្រាប្រចាំឆ្នាំ ទៅកាន់ព្រះវិហារ Mecca និង Medina ដែលមានពលរដ្ឋរាប់លាននាក់ជុំវិញពិភពលោកទៅកាន់ទីនោះជារៀងរាល់ឆ្នាំ។
រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត បានសម្រេចបិទតំបន់ភាគខាងកើត Qatif ជាតំបន់ដែលមានពលរដ្ឋអ៊ីស្លាមនិកាយស៊ីអ៊ីតភាគច្រើនរស់នៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ផ្លូវដង្ហើម ។ បច្ចុប្បន្ន នៅក្នុងប្រទេសនេះមានករណីឆ្លង ១១នាក់ហើយ ។
នេះជាប្រទេសដំបូងគេ នៅតំបន់ឈូងសមុទ្រ ដែលបានអនុវត្ត យុទ្ធសាស្ត្រ តឹងតែង បែបនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលឲ្យមានប្រសិទ្ធភាពបំផុត ។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យតែឱសថស្ថាន និង ស្ថានីយ ឥន្ទនៈ បើកទ្វារតែប៉ុណ្ណោះ ក្រៅពីនេះគឺបិទទាំងអស់ ។
ចំណែកនៅក្នុងប្រទេសកាតាវិញ ដែលជាប្រទេសជិតខាង អារ៉ាប៊ី សាអូឌីត ក៏មានករណីឆ្លងវីរុស Covid-19 ចំនួន ១៥នាក់ផងដែរ។ នៅពេលនេះកាតាបានសម្រេច ហាមអ្នកទេសចរមកពីបណ្តាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ចូលក្នុងប្រទេសរបស់ខ្លួន ។ ក្នុងចំណោមប្រទេស ដែលកាតា បានហាមមាន ចិន អេហ្ស៊ីប ឥណ្ឌា អីរ៉ង់ អីរ៉ាក់ លីបង់ បង់ក្លាដែស នេប៉ាល ប៉ាគីស្ថាន ហ្វីលីពីន កូរ៉េខាងត្បូង ថៃ ជាដើម ។
ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ កាតា នឹងផ្អាករាល់ជើងហោះហើរចេញចូលទៅកាន់ប្រទេសអ៊ីតាលី ផងដែរ ដែលជាប្រទេសមានករណីឆ្លងរាលដាល ច្រើនបំផុតនៅក្នុងតំបន់អឺរ៉ុប ៕ ម៉ែវ សាធី