ភ្នំពេញ៖ សមាគមវៀតណាម កម្ពុជា បាន ផ្តល់សម្ភារៈពេទ្យ និង ថវិកា ជូនលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជាវៀតណាម តាមរយៈ លោក ចាយ ណាវុធ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម។
លោក ហ្វូក ហ្វឿង វៀត អនុប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា មានប្រសាសន៍ថា ៖ ការចូលរួមចំណែកជួយដល់កម្ពុជានូវសម្ភារៈពេទ្យ ថវិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាគឺបានបង្ហាញនូវចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាបងប្អូនជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលជំងឺផ្តាសសាយប្រភេទថ្មីកូវីដ១៩(COVID-19) ដែលកំពុងយាយុីពិភពលោក ក្នុងកម្ពុជា និងវៀតណាមក៏បានទទួលឥទ្ធិពលនៃការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះផងដែរ។
លោកបន្តថា បើទោះបីជា សម្ភារៈសម្រាប់ផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាថវិការមានកំរិតតិចតួចនៅឡើយក៏ប៉ុន្តែជាទឹកចិត្តនៃសមាគមមិត្តភាព វៀតណាម កម្ពុជា សម្រាប់ជួយគ្នាក្នុងគ្រាដ៏លំបាក ជាក់ស្តែងព្រះរាជាណាចក្រកម្ពុជាដែលកំពុងប្រឈមមុខនិងការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ចាយ ណាវុធ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម ក្នុងនាមលោកស្រី កតិសង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា វៀតណាម សូមថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកជួយដល់កម្ពុជាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជា កម្ពុជាកំពុងជួបប្រទះនៅបញ្ហាដ៏ស្មុគស្មាញ និងជំនះអោយខានតែបានសម្រាប់ការព្យាបាលជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកជំងឺបរទេស ដែលកំពុងសម្រាកព្យាបាលនៅកម្ពុជា។ លោក ចាយ ណាវុធ បន្តថា ការផ្តល់ជូននូវសម្ភារៈពេទ្យ និងថវិការ ដល់រាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការទប់ស្កាត់ និងព្យាបាលចំពោះអ្នករងគ្រោះ។
លោក ហ្វូក ហ្វឿង វៀត អនុប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា មានសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជា ដែលមានការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩នេះនិងឆាប់បានជាសះស្បើយ មានសុខភាពល្អ និងអាចបំពេញភារៈកិច្ច អភិវឌ្ឍន៍ជូនជាតិមាតុភូមិប្រកបដោយស្នាមញញឹម។
គួរបញ្ជាក់ថា ក្រុមហ៊ុនអន្តរជាតិ ហ្វឿកហ័ង ឧបត្ថម្ភម៉ាសចំនួន៥០០០ម៉ាស និង ទឹកអនាម័យសំអាតដៃ៥០០ដប សមាគមវិនិយោគភូមិភាគខាងជើងនៃប្រទេសវៀតណាម ឧបត្ថម្ភ ម៉ាស២៥០០ និង ថវិការ៣០លានដុង អតីតកងទ័ពស្ម័គ្រចិត្ត៤៧៩ ឧបត្ថម្ភ ថវិកា២០លានដុង ជាពិសេសអ្នកបន្តវេនអង្គរ(ជួរថាប់) ឧបត្ថម្ភ ម៉ាស៥០០០ម៉ាស៕សហការី