ភ្នំពេញ៖ ក្នុងរង្វង់សិល្បៈធ្លាប់មានការទម្លាយថាមានតារាប្រុសមិនតិចទេ ដែលបានភ្ជាប់ចំណងស្នេហាភេទ ដូចគ្នា ក្នុងនោះគេក៏មានការទម្លាយដែរថាក៏មានតារាស្រីមួយចំនួនបាននិងកំពុងភ្ជាប់ចំណងស្នេហាភេទដូចគ្នា ប៉ុន្តែក្នុងនោះគេសង្កេតឃើញមានតែតារាស្រី២នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តបើកបង្ហាញស្នេហាខុសធម្មជាតិ នេះជាសាធារណៈ និងហ៊ានប្រឈមមុខនឹងការពិតពិសេសក្រុមអ្នករើសអើងការស្រលាញ់ភេទដូចគ្នា។ កន្លងទៅគេដឹងដែរថា នៅមានចំណងស្នេហាភេទដូចគ្នារវាងសិល្បករជាច្រើនផ្សេងទៀតដែលពួកគេនៅមិនទាន់មានភាពក្លាហានបង្ហាញមុខជាសាធារណៈ ព្រោះតែពួកគេបញ្ចៀសពីការរិះគន់ពេបជ្រាយរើសអើង ពីសង្គម ពិសេសការបារម្ភលើប្រជាប្រិយភាពថានឹងអាចថមថយទៅវិញប្រសិនបើស្នេហាខុសធម្មជាតិនេះត្រូវបានបើកបង្ហាញជាសាធារណៈ។គូស្នេហ៍ទី១គឺតារាចម្រៀងប្រចាំផលិតកម្មថោនគឺកញ្ញា អេនីហ្សាម បានទម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាលែងលាក់នឹងបង្ហាញសាធារណៈ។ ការទម្លាយទំនាក់ទំនងស្នេហាភេទដូចគ្នារបស់តារាចម្រៀងរូបនេះជាមួយតារាស្រីម្នាក់នាងត្រូវបានគេលើកឡើងថាបានបែកបាក់ស្នេហាជាមួយបុរសម្នាក់។ ពេលនេះនាងបាន បង្ហាញភាពផ្អែមល្ហែមខ្លាំងរួមសង្សាស្រីបណ្ដូលចិត្តជាសាធារណៈ ដូចជាការធ្វើដំណើរកម្សាន្តលើឆ្នេរសមុទ្ររួមជាមួយគូស្នេហ៍ថ្មីនេះផងដែរ។ ទោះលេចចេញការរិះគន់ខ្លះប៉ុន្តែក៏មានអ្នករួមអាជីព និងអ្នកបើកចិត្តយល់អំពីស្នេហាខុសធម្មជាតិនេះបានថ្លែងសារសាទរ ថាពិតជាផ្អែមល្ហែម គួរឲ្យច្រណែន។ គូស្នេហ៍ទី២នោះគឺតារាសម្តែង និងពិធីការិនីកូនកាត់ខ្មែរ អាល្លឺម៉ង់កញ្ញាម៉ៃយ៉ា ។ តារាសម្តែងរូបនេះបានភ្ជាប់ចំណងស្នេហ៍ជាមួយនារីអ្នកជំនួញអាហារដ្ឋានដ៏ល្បីនាតំបន់ផ្លូវភ្លោះអូឬស្សី ហើយគេតែងឃើញនាងជួយមើលការខុសត្រូវនៅហាងនោះគ្រាដែលនាងទំនេរផងដែរ។ មិនបារម្ភការរិះគន់ពេបជ្រាយទេ តារាស្រីរូបនេះបានបណ្តើរគូស្នេហ៍ភេទដូចគ្នាទៅសាងភាពផ្អែមល្ហែមនៅស្ទើគ្រប់ទីកន្លែង ដូចជាការធ្វើដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមប្រទេសឥណ្ឌូនេស៊ីកាលពីអំឡុងឆ្នាំ២០១៩ជាដើម។ ទោះជាយ៉ាងណាតារាសម្ដែងកូនកាត់ខ្មែរអាល្លឺម៉ង់វ័យ២៤ឆ្នាំ រូបនេះនៅតែបន្តក្តាប់បានឱកាសការងារសិល្បៈជាហូរហែផងដែរ។
ដោយ៖ វឌ្ឍនា