ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៧គោលដៅ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៧គោលដៅ ក្នុងរាជធានីភ្នំពេញ សរុបចំនួន៥៤នាក់​ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ​ ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ព្រមទាំងសូមឲ្យត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ ពីព្រោះបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ អស់លោក​ លោកស្រី​ បងប្អូនក្មួយៗទាំងអស់​ នឹងក្លាយជាគ្រូបង្គោល​ និងជាអ្នកពាំនាំផ្សព្វផ្សាយបន្ត ដូច្នេះត្រូវតែមានសមត្ថភាព និងយល់ដឹងឲ្យបានច្បាស់លាស់អំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សកម្មភាពការងារចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា​ និងវិជ្ជាសង្គ្រោះបឋម​ ដែលជាចំណេះមូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងកិច្ចការមនុស្សធម៌របស់យេីង​ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត​ ។

មុននឹងប្រកាសបើកវគ្គបណ្តុះបណ្តាល​ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា អស់លោក​ លោកស្រី បងប្អូនក្មួយៗជាសិក្ខាកាមទាំងអស់​ នឹងទទួលបាននូវចំណេះដឹងសម្រាប់ពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួន​ ក្នុងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវ ភាពជឿជាក់ ដេីម្បីជួយ​ និងចែករំលែកផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ បងប្អូន មិត្តភក្តិតាមសាលារៀន និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍មូលដ្ឋាន ។

សូមបញ្ជាក់ថា៖​ ប្រធានបទដែលលើកយកមកបង្ហាត់បង្ហាញរួមមាន៖
១-ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងកាកបាទក្រហមកម្ពុជា
២-ច្បាប់ចរាចរណ៍ផ្លូវគោក
៣-ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ
៤-វិជ្ជាសង្គ្រោះបឋម
៥-ការពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពការងារ ៕

ដោយ៖សហការី


ចែករំលែក៖