ភ្នំពេញ ៖ ផ្ទះលក់ចាបហួយបោះដុំយីហោ ម៉ាក់ សៀវ អុី ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះទាំងមេឃកំពុងតែភ្លៀងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងផ្សារដែកមួយក្រុមបានចូលទៅផ្សារដំបូលនិងពិដានផ្ទះជាប់គ្នានិងផ្ទះលក់ចាបហួយដើម្បីបើកជួលឲ្យភ្ញៀវថ្មីជួលនៅ ខណៈដែលក្រុមជាងកំពុងផ្សារដែកនោះក៏បានធ្លាក់ផ្កាភ្លើងធូបផ្សារដែកចូលទៅផ្ទះលក់ចាបហួយបណ្តាលឲ្យឆាបឆេះសម្ភារដែលនៅក្នុងផ្ទះលក់ចាបហួយនោះបង្កឲ្យមានអណ្តាតភ្លើងហុយផ្សែងចេញមកក្រៅ ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននាំគ្នាជួយយកបំពង់បាញ់ទប់ស្កាត់ការពារកុំឲ្យមានការរាលដាល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន១៣បំពង់ ស្របពេលនោះដែរក៏មានភ្លៀងធ្លាក់មកគ្របដណ្តប់ដោយមិនបណ្តាលឲ្យមានការឆាបឆេះបន្តទៀតនោះទេ ។
ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យកេីតឡេីង អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចុះទៅអន្តរាគមន៍តែរថយន្តទាំង៣គ្រឿងនោះមិនបានបាញ់ទឹកនោះទេដោយប្រជាពលរដ្ឋបាញ់បំពង់ពន្លត់អគ្គិភ័យទប់ស្កាត់ស្ថានការណ៍បានទាន់ពេលវេលា ។
ក្នុងករណីនេះសមត្ថកិច្ចជំនាញបានឲ្យដឹងថា អគ្គិភ័យខាងលើនេះគឺបង្កឡើងដោយសារជាងផ្សារដែកបណ្តាលឲ្យធ្លាក់ផ្កាភ្លើងធូបផ្សារប៉ះចំសម្ភាររបស់ម្ចាស់ផ្ទះលក់ចាបហួយ តែមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារ និងអីវ៉ាន់លក់ចាប់ហួយមួយចំនួនធំតែប៉ុណ្ណោះ ៕
ដោយ ៖ ភារ៉ា ដង្កោ