ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជួយអន្តរាមគន៍ ទៅលើខុនដូ ដែលបង្ហូរទឹកស្អុយក្រៅប្រពន្ធលូ និងម៉ាសុីនភ្លើងនៅក្រៅខុនដូ

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានស្ម័គ្រចិត្ត នាំគ្នាផ្ដិតមេដៃ សំណូមពរ ដល់ខុនដូមួយកន្លែង ដែលបានសាងសង់តែពុំរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវទេ គឺបានបង្ហូរទឹកលាមកស្អុយ ចេញពេញផ្លូវ តែម្ដង ឱ្យតែពេលភ្លៀងធ្លាក់ម្ដងៗ។ ចំណែកម៉ាសុីនភ្លើងវិញគឺនៅចិញ្ជើមផ្លូវក្រៅអគារខុនដូ ពេលបញ្ឆេះម្ដងៗតែងតែលាន់ឮសំឡេងកងរំពង បង្ករំខាន ញ័រ ជាខ្លាំង ដែលធ្វើឲ្យយើងខ្ញុំមិនអាចទ្រាំរស់នៅបានឡើយ។

ខុនដូដែលបងប្អូនប្រជាពលរដ្ឋសំណូមពរនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋ ជាង១០នាក់ តំណាងឱ្យស្នាមមេដៃប្រជាពលរដ្ឋ ជាង២០០នាក់ បាននាំគ្នាមកសង្កាត់បឹងកក់ទី១ ដើម្បីសំណូមពរដល់អាជ្ញាធរសង្កាត់ជួយអន្តរាគមន៍ ជាមួយម្ចាស់ខុនដូនៅបញ្ហា ចំនួន២ គឺ

ទី១- សុំឱ្យម្ចាស់ ខុនដូរុះរើម៉ាស៊ីនភ្លើងចេញ ពីចិញ្ជើមផ្លូវក្រៅខុនដូ ព្រោះថាពេល បញ្ឆេះម៉ាសុីនភ្លើងម្ដងៗ តែងតែលាន់ឮសំឡេងកងរំពង បង្ករំខាន ញ័រ ជាខ្លាំង ដែលធ្វើឲ្យយើងខ្ញុំមិនអាចទ្រាំរស់នៅបានឡើយ។

ទី២- ស្នើរសុំឱ្យរៀបប្រព័ន្ធលូទឹកតាមផ្លូវចាស់ឡើងវិញ ដោយហេតុថា ពេលភ្លៀងធ្លាក់ម្ដងៗគឺទឹកបង្ហូរតាមបំពង់ទុយយោ ចូលទៅបាសាំងបង្កប់ក្រោមដី ពុំបានបង្ហូរចូលប្រព័ន្ធលូទេ បានផុលពីបាសាំងក្រោមដីឡើងមកលើពេញផ្លូវ ជះក្លិនស្អុយដល់ប្រជាពលរដ្ឋ អនាម័យ បរិស្ថាន សាធារណៈផងដែរ។

លោក ដួង សុខខេង ប្រជាពលរដ្ឋម្នាក់តំណាងឱ្យបងប្អូនប្រជាពលរដ្ឋជាង២០០នាក់បានលើកឡើងថា ទីតាំងខុនដូនេះបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយតាំងពីចាប់ផ្ដើមសាងសង់ គឺខុនដូមួយនេះ មិនមានការប្រុងប្រយ័ត្ននៅសម្ភារសំណង់ឡើយ បានបង្កគ្រោះថ្នាក់ដូចជា ធ្លាក់ដែក ដុំថ្ម មិនមានរបាំងហ៊ុំព័ទ្ធ សុវត្ថិភាព ធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិឋាននេះ មានការភ័យខ្លាចជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ផងដែរ ចំពោះម្ចាស់ខុនដូ HCNនេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកក៏បានអញ្ជើញមកធ្វើកិច្ចសន្យាចំនួន៣លើកផងដែរ តែម្ចាស់ខុនដូ (HCN) លោក ហេង ចំណូល មិនបានអនុវត្តន៍តាមនោះទេ។

គួរំលឹកផងដែរ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ គឺមេឃភ្លៀង បង្កឱ្យបំពង់ទឹកទុយយោរបស់ខុនដូបានផុលចេញ ពេញផ្លូវហៀហូរចូលពេញមុខផ្ទះប្រជាពលរដ្ឋ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖