ខេត្តបាត់ដំបង៖ កងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានទទួលអំណោយឧបត្ថម្ភ រួមមាន៖ ស័ង្កសីចំនួន ៥,០០០សន្លឹក ស៊ីម៉ងត៍ចំនួន ២០តោន និងអំពូលភ្លើងសូឡា ចំនួន ៥០ឈុត ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥២ ជាទុនដ៏សំខាន់សម្រាប់អង្គភាពធ្វើការជួសជុលថែទាំបណ្ដាសំណង់ដែលរងការខូចខាត និងបន្ដការសាងសង់បន្ថែមទៀតនូវអ្វីដែលខ្វះខាតចំពោះមុខ ក្នុងវិស័យការពារជាតិ និងមួយផ្នែកទៀតសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះផ្សេងៗ ដែលស្ថិតក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលនិងក្រុមការងារ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាទាំងអស់នេះ និងសូមគោរពដឹងគុណចំពោះលោកមេបញ្ជាការកងទ័ពជើងគោក នូវទឹកចិត្តប្រកបដោយភាពកក់ក្តៅយកចិត្តទុកដាក់គិតគូរជួយសម្រាលរាល់ការលំបាករបស់អង្គភាព ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងស្តារឡើងវិញរបស់អង្គភាព។ មិនតែប៉ុណ្ណោះលោកមេបញ្ជាការកងទព័ជើងគោកតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខកងទ័ព គ្រួសារកងទ័ព ធ្វើយ៉ាងណាមានជំរំជម្រកស្នាក់នៅឱ្យបានសមរម្យ មានជីវភាពរស់នៅបានល្អ ដើម្បីធានាបានសុខមាលភាព របស់កងទ័ព និងគ្រួសារកងទ័ពបានល្អប្រសើរ។
គួររំលឹកថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើនគាំទ្រដល់កិច្ចការងារការពារជាតិ និងការពារបូរណភាពទឹកដី ការគិតគូរពីប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក បានធ្វើឱ្យយោធិនគ្រប់បណ្តាអង្គភាព កាន់តែមានភាពកក់ក្តៅ និង អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ប្រកបដោយ ឆន្ទៈមោះមុតក្នុងការរក្សាសុខសន្តិភាព និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ៕
ដោយ៖ សូ រិយា