ខេត្តកណ្តាល, ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនដែលប្រប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុកជ្រាប ថ្មីៗនេះមានគេហៈទំព័រហ្វេសបុកឈ្មោះ Fun Moments ដែលបានបង្ហោះជាវីដេអូ រួមជាមួយ ខ្លឹមសារថា ៖ យកសំណាកអស់ចំនួន៦០០០០៛ សូម្បីតែកូនក្មេងក៏យកដែរ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់ភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដេីម្បីសាកសួរព័ត៌មានជុំវិញករណីដែលបានបង្ហោះផ្សព្វផ្សាយនោះឱ្យដឹងថា៖
-មានប្រជាពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហេីយបានដាក់ឱ្យធ្វេីចត្តាឡីស័ក នៅតាមផ្ទះ ចំនួន២០គ្រួសារ មនុស្ស៨៩នាក់ស្រី៤២នាក់ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល យកសំណាក ចំណាយលុយ៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០រៀល។
-នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន២០គ្រួសារនោះ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកាដល់អ្នកដែលបានទៅយកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ។អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សិលា