ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលឧបត្ថម្ភដល់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ត្រូវបាន លោក ស៊ុន សុវណ្ណារិទ្ធិ នាំយកប្រគល់ជូនដល់ក្រុមគ្រួសារសព !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើតាមប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយអង្គភាព”នគរដ្រេហ្គន”ដឹងថា, នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដែលត្រូវឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩។ 

ពិធីនេះធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តកំពង់ឆ្នាំង។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានបញ្ជាក់ថាៈ កញ្ចប់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ដើម្បីបើកជូនដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នូវសេវាកម្មថ្លៃស្បៀងអាហារ ទឹក ភ្លើងរយៈពេល៥ខែ ទៅតាមទំហំគ្រួសារ ហើយក្នុងការបើកជូននាពេលនេះមានចំនួន ០៨គ្រួសារ ដោយក្នុងសពម្នាក់ទទួលថវិកាចំនួន ៥លានរៀល។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាៈ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ពីការលំបាក និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកំពុងទទួលរងផលប៉ះពាល់ដោយសារតែជំងឺដ៏កាចសាហាវនេះ។ លោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងចូលរួមសោកស្តាយក្នុងការបាត់បង់សមាជិកក្រុមគ្រួសារ សាច់ញាតិដោយសារតែជំងឺកូវីដ-១៩។

លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ការចម្លងពីក្រុមគ្រួសារ និងសហគមន៍យើង៕

ដោយ ៖ សិលា


ចែករំលែក៖