ព័ត៌មានទាន់ហេតុការណ៍៖

និយ័តករទូរគមនាគមន៍កម្ពុជាបានហៅតំណាងក្រុមហ៊ុនទូរស័ព្ទចល័ត smart និងលោកសុន សុភ័ន្ត មកធ្វើការដោះស្រាយគ្នា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ លោកសុន សុភ័ន្តបានប្រាប់អង្គភាពសារព័ត៌មាន(នគរដ្រេហ្គន) ឱ្យដឹងថា និយ័តករទូរគមនាគមន៍កម្ពុជា​ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា​បានហៅតំណាងក្រុមហ៊ុនទូរស័ព្ទចល័ត smart និងរូបលោក (សុន សុភ័ន្ត) ចូលធ្វើការដោះស្រាយគ្នា បន្ទាប់ពីក្រសួងប្រៃសណីយ៍ទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីព្រមានដល់ក្រុមហ៊ុនស្មាតកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ​។

សូមរំលឹកផងដែរថា លោកសុន សុភ័ន្តបានដាក់ពាក្យប្ដឹងក្រុមហ៊ុន បម្រើសេវាកម្មទូរស័ព្ទប្រព័ន្ធស្មាត (SMART) ថាបានលួចលក់លេខទូរស័ព្ទដែលគាត់កំពុងប្រើប្រាស់រាល់ថ្ងៃឱ្យទៅបុគ្គលផ្សេងដែលមិនមែនជាកម្មសិទ្ធិផ្ទាល់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយរូបលោកបានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ទាប់ពីការប្រជុំពិភាក្សាគ្នារួចមកភាគីដើមបណ្ដឹងនិងភាគីចុងចម្លើយបានយល់ព្រមផ្សះផ្សា និងព្រមព្រៀងគ្នាអនុវត្តតាមខ្លឹមសារដូចខាងក្រោម៖

ទី១-ភាគីវិវាទឯកភាពប្រគល់និងទទួលលេខទូរស័ព្ទ ០១៥ ៥៣២០១៦ ដោយក្រុមហ៊ុន smart បានប្រគល់លេខទូរសព្ទនេះជូនលោកសុន សុភ័ន្តចាប់ពីថ្ងៃផ្សះផ្សានេះតទៅ។
ទី២-ភាគីវិវាទបានឯកភាពគ្នាទទួលយកចំណុចដែលក្រុមហ៊ុន smart បានដាក់វិន័យរដ្ឋបាលដល់បុគ្គលិកដែលបានប្រព្រឹត្តល្មើសនឹងគោលការណ៍របស់ក្រុមហ៊ុនតាមរយៈការព្យួរការងារនិងបញ្ឈប់ពីការងារ ហើយភាគីវិវាទក៏បានឯកភាពគ្នាបន្តនីតិវិធីជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងដាក់ពាក្យប្ដឹងក្នុងករណីបទល្មើសព្រហ្មទណ្ឌ។ ដូចនេះភាគីដើមបណ្ដឹងត្រូវបន្តនីតិវិធីតាមច្បាប់ជាធរមានទៅស្ថាប័នមានសមត្ថកិច្ច។ ដើម្បីផ្ដន្ទាទោសបុគ្គលដែលពាក់ព័ន្ធខាងលើក្រុមហ៊ុន smart និឹងផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងភាគីដើមបណ្ដឹង (លោកសុន សុភ័ន្ត) ក្នុងករណីបទល្មើសព្រហ្មទណ្ឌ។
ទី៣-ភាគីវិវាទមិនបានឯកភាពលើការទាមទារ និងផ្ដល់សំណងការខូចខាតជូនលោកសុន សុភ័ន្តនូវទឹកប្រាក់៥១.២០០ដុល្លារនោះទេ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដែលក្រុមហ៊ុនsmartបានផ្ដល់ជូនគម្រោងសេវាកម្ម smart ធំហ្មងជាទឹកប្រាក់៥ដុល្លារសហរដ្ឋអាមេរិកប្រចាំខែក្នុងរយៈពេល ១២ខែនោះដែរ។
ភាគីវិវាទអាចបន្តនីតិវិធីទៅមជ្ឈត្តការ ឬតុលាការមានសមត្ថកិច្ចស្របតាមបទប្បញ្ញត្តិជាធរមាន។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរកឃើញថា ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជនដោយបានកាត់ផ្ដាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឲ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌីដូចខាងក្រោម ៖
១-ក្រុមហ៊ុនស្មាតអាស្យាតា ខូអិលធីឌី
ត្រូវធ្វើការសុំទោសជាសាធារណៈដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឲ្យមានហេតុការណ៍ខាងលើកើតមានសាជាថ្មីម្ដងទៀត។
២-ក្រុមហ៊ុនស្មាតអាស្យាតា ខូអិលធីឌី ត្រូវផ្ដល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធី ក្នុងការបិទលេខទូរស័ព្ទអតិថិជនដែលកំពុងប្រើប្រាស់។
៣-ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរស័ព្ទនេះមកប្រើប្រាស់វិញ។
៤-រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សូមរំលឹកដល់ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង និងនីតិវិធីនៃចែកចាយនិងលក់ស៊ីមកាតទូរស័ព្ទចល័តឲ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ចៀសវាងមានករណីបែបនេះកើតឡើង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរុឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមានចំពោះប្រតិបត្ដិករផ្ដល់សេវាទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖