ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​​ស្រុក​ឈូកចំនួន​ ៧នាក់ហើយ​បា​នស្លាប់ ដោយ​សារករណី​ពុល​ស្រា

ចែករំលែក៖

ខេត្ត​កំពត​៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​កំពត​ បានឱ្យដឹងថា​ អ្នកស្លាប់​ដែល សង្ស័យបណ្តាលមកពី​ពុល​ស្រា នៅ​ស្រុក​ឈូក បាន​កើន​ដល់​ចំនួន ៧ នាក់ហើយ​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១នេះ។​

របាយការណ៍​ដដែល​ បានបន្ថែមទៀតថា​ កាលពីយប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​វេលា​ម៉ោង ២០និង​ ​៣០នាទី មានករណីបុរស​វ័យ ៣៥ឆ្នាំ​ម្នាក់ មាន​ទីលំនៅ​ភូមិ​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក បាន​ស្លាប់​ក្នុង មន្ទីរពេទ្យបង្អែក ខេត្តកំពត​ ​សង្ស័យបណ្តាលមកពី​ពុល​ស្រា​ ហើយ​នេះ​ជា​ជន​រងគ្រោះ​ទី​៧ ក្នុងចំណោម​អ្នកស្លាប់។​

គួររម្លឹកផងដែរថា​ ចាប់ពី​ម៉ោង ៦ ល្ងាច​ថ្ងៃទី​២៦ ដល់​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ អ្នកភូមិ​ដូន​យ៉យ និង​ភូមិ​ក្រសាំង​មានជ័យ ៦ នាក់ អាយុ​ចាប់ពី ៣៦ ឆ្នាំ ដល់ ៦១ ឆ្នាំ បាន​ស្លាប់​ជា​បន្តបន្ទាប់ដោយ​សង្ស័យបណ្តាលមកពី​ពុល​ស្រា​។ ក្រៅពី​អ្នក​ទាំង ៦ នៅមាន​បុរស ២នាក់ ស្ថិតក្នុង​ស្ថានភាពសង្គ្រោះបន្ទាន់​។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ ក្រោយពីទទួលបាននូវព័ត៌មានស្ដីពីហេតុករណីពុលស្រា​ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់០៤នាក់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឱ្យពុល។

ជាក់ស្ដែង​ក្នុង​ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលឡើងដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប.ផងដែរ​៕ដោយ​៖សហការី


ចែករំលែក៖