ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយខ្យល់ផ្គររន្ទះបាញ់ងាប់គោ៤ក្បាល សំណាងមនុស្សមិនគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានភ្លៀងលាយផ្គរខ្យល់និងរន្ទះបាញ់មួយគ្រាប់ពេញទំហឹងបណ្ដាលអោយសត្វគោងាប់ភ្លាមៗ៤ក្បាលនៅកណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ទាំងរសៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥ នាទីរសៀល ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៣ នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានអោយដឹងថាម្ចាស់គោមានឈ្មោះ ឆេង សុខា ភេទប្រុស រស់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានមេឃស្រទុំហើយក៏មានភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំងខណៈនោះក៏មានរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងធ្វើអោយគាត់និងអ្នកភូមិកំពុងជ្រកភ្លៀងមិនហ៊ានចេញមកមើលនោះទេព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន។

ប្រភពបន្តថាបន្ទាប់ពីមេឃស្រឡះវិញក៏មានអ្នកភូមិដើរកាត់វាលស្រែស្រាប់តែមានការភ្ញាក់ផ្អើលឃើញសត្វគោ៤ក្បាលងាប់បាត់ទៅហើយសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

អាជ្ញាធរមូលដ្ឋានស្រុកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖