ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរោងចក្រ​ អឹស ស្តារ អេមប្រូរដឺរី នៅខណ្ឌសែនសុខ​ទាំងកណ្ដាលអធ្រាត្រ បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រ​ អឹស ស្តារ អេមប្រូរដឺរី មួយកន្លែងស្ថិតនៅក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង​០១និង៤៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ១កើតខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣​ ។ 

​     សមត្ថកិច្ចបានឱ្យដឹងថា​ រោងចក្រ​ រងគ្រោះដោយអគ្គិភ័យខាងលេីនេះជាប្រភេទសំណង់: ថ្ម​ ប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ X ៥០ម៉ែត្រ​ ដោយខូចខាតសម្ភារប្រហែល៣០ %, (ឆេះម៉ាស៊ីនប៉ាក់ចំនួន១០គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត) និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

​    សមត្ថកិច្ចបានបញ្ចាក់ថា​ ក្នុងហេតុការណ៍អគ្គិភ័យនេះ​ គ្មានមនុស្សស្លាប់​ ឬរងរបួស​មនុស្ស​នោះឡេីយ​ ដោយមូលហេតុ​កំពុងស្រាវជ្រាវបន្ត​ ។ ក្នុងប្រតិបត្តិការ​សង្គ្រោះអគ្គិភ័យនេះដែរ​កម្លាំងជំនាញបានប្រេីប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប ។​ ក្នុងនោះមានរថយន្តជំនួយ​របស់ក្រុមហ៊ុនឯកជនចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៦ម៉ែត្រគូប និងពន្លត់ចប់​នៅម៉ោង០២និង៥០នាទីទៀបភ្លឺ នាថ្ងៃខែ ឆ្នាំដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖