ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រ អឹស ស្តារ អេមប្រូរដឺរី មួយកន្លែងស្ថិតនៅក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង០១និង៤៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ១កើតខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឱ្យដឹងថា រោងចក្រ រងគ្រោះដោយអគ្គិភ័យខាងលេីនេះជាប្រភេទសំណង់: ថ្ម ប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ X ៥០ម៉ែត្រ ដោយខូចខាតសម្ភារប្រហែល៣០ %, (ឆេះម៉ាស៊ីនប៉ាក់ចំនួន១០គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត) និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ គ្មានមនុស្សស្លាប់ ឬរងរបួសមនុស្សនោះឡេីយ ដោយមូលហេតុកំពុងស្រាវជ្រាវបន្ត ។ ក្នុងប្រតិបត្តិការសង្គ្រោះអគ្គិភ័យនេះដែរកម្លាំងជំនាញបានប្រេីប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយរបស់ក្រុមហ៊ុនឯកជនចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៦ម៉ែត្រគូប និងពន្លត់ចប់នៅម៉ោង០២និង៥០នាទីទៀបភ្លឺ នាថ្ងៃខែ ឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ