ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាគណអធិបតី កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងអញ្ចើញជាគណអធិបតី កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់………។

សូមបញ្ជាក់ថា  ៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង  បានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមលោក លោកស្រីសមាជិកព្រឹទ្ធសភា រាជរដ្ឋាភិបាល លោកសន្តិបណ្ឌិត  សុខ ផល  ប្រធានកិត្តិយសសាខា  លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាផងដែរ ។

យោងតាមរបាយការណ៍លោក ស្រេង សុខា  ប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់  បានឲ្យដឹងថាអគារស្នាក់ការអនុសាខានេះមានទីតាំងនៅភូមិ បាណន់  ឃុំ កន្ទឺ ២  ស្រុកបាណន់ ខេត្តបាត់ដំបង ទំហំអគារ ១២ម៉ែត្រ X១៤ ម៉ែត្រប្រក់ក្បឿងសេរ៉ាមិច  មានបន្ទប់ធ្វើការ១ សាលប្រជុំ១  បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារនិងសម្ភារ១ បន្ទប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់៨៥,៥៣០ដុល្លារ។

អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មីនេះជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតចេញពីគំនិត ផ្តួចផ្តើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តមសន្តិបណ្ឌិតសុខ ផល ប្រធានកិត្តិយសសាខាខេត្ត និង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អនុប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ។ 

យោងតាមចំណាក្នុងក្រាំងមាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងបានមានប្រសាសន៍តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់    គណៈកិត្តិយសសាខាដែលមានលោកសន្តិបណ្ឌិតសុខ ផល ប្រធានកិត្តិយសសាខាខេត្ត គណៈកម្មាធិការសាខាខេត្តដែលមានលោក សុខ លូ ជាប្រធាន អនុសាខាស្រុក ព្រមទាំងសមាជិកទាំងអស់ ជាពិសេសសប្បុរសជននានា ដែលបានចំណាយធនធាន កម្លាំងកាយចិត្ត និង លះបង់ពេលវេលាសាងសង់សមិទ្ធផលថ្មី ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឲ្យជួយជាចាំបាច់ ។ បន្ថែមលើនេះអគារទីស្នាក់ការអនុសាខាស្រុកនាពេលនេះគឺបានដើរតួនាទីយ៉ាងសំខាន់ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាអោយបានទាន់ពេលវេលាយ៉ាងសកម្មផុលផុសក្នុងប្រតិបត្តិការសកម្មភាពមនុស្សធម៌ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ។

សម្តេចក្រឡាហោម បានថ្លែង កោតសរសើរដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការសាខាខេត្ត អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំ បំពេញការងារមនុស្សធម៌ ប្រកបដោយមនសិការខ្ពស់ ក្នុងកិច្ចការចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់វប្បធម៌ចែករំលែក សេដ្ឋកិច្ច និងធនធានមនុស្សប្រកបដោយការទទួលខុសត្រូវ ហើយសូមចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖