ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តងោកមួយភាំងរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤​ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តយ៉ាងលឿន​និងងោកមួយភាំងបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ និងអ្នកបើករងរបួសជេីងម្ខាង។ 

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទីយប់ឈានចូលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចមុខសាលារៀនជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​      តាមការរៀបរាប់របស់អ្នកបើករថយន្តបង្កម៉ាកHYUNDAI PORTER ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ កំពង់ស្ពឺ2A-5016 បានប្រាប់ឱ្យដឹងថា​ ដំបូងឡើយគាត់បើករថយន្តដឹកបន្លែចេញពីខេត្តកំពង់ស្ពឺយកទៅបោះឱ្យម៉ូយនៅផ្សារដើមគ ហើយពេលដាក់បន្លែរួចរាល់ហើយគាត់ក៏ត្រឡប់ទៅខេត្តកំពង់ស្ពឺវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំងរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទេចរថយន្តមួយកំណាត់មុខនិងរងរបួសត្រូវជើងគាត់ជាអ្នកបើករថយន្តផងដែរ ចំណែកឯរបាំងថ្មបាក់បែកបន្តិចបន្តួច។

​     ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះធ្វេីការស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖