ភ្នំពេញ ៖ មនុស្សពីរនាក់រងរបួសធ្ងន់ បន្ទាប់ពីកំពុងជិះឡំប្រឺតាសុខៗត្រូវបានរថយន្តម៉ាក តូយូ៉តាព្រូសបុកពេញទំហឹង បណ្តាលឱ្យឡំប្រឺតាវិលបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម កាលពីវេលាម៉ោង ១២និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៣ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជា៤ តាមបណ្តោយផ្លូវលេខ១០០៧កែងនឹងផ្លូវលេខ១៩៨០ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកបើកឡំប្រឺតា និងអ្នកជិះនៅលើនោះរងរបួសធ្ងន់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយជិះឡំប្រឺតាពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IG-7097 ។ ចំណែកឯរថយន្តម៉ាក តូយូ៉តាព្រូស ពណ៌ស សេ៊រីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ2BM-7923 ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញឡំប្រឺតា បើកតាមបណ្ដោយផ្លូវលេខ១០០៧ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តតូយូ៉តាព្រូស បើកតាមបណ្ដោយផ្លូវលេខ១៩៨០ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន បានមកបុកឡំប្រឺតាពេញទំហឹងបណ្ដាលឱ្យវិលទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមនិងអ្នកជិះនៅក្នុងឡំប្រឺតាព្រមទាំងអ្នកបើករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះជីវិតផងដែរ ចំណែកឯអ្នកបើករថយន្តបង្កហេតុបានគេចចេញពីកន្លែងកើតហេតុបាត់តែម្តង ទុករថយន្តនិងឡំប្រឺតារងការខូចខាត យ៉ាងដំណំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វេីការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ