ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សំណូមពរចំពោះនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចងចាំថាធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើ និងសង្គ្រោះជីវិតប្រជាជន។
សម្តេចមានប្រសាសន៍ថា៖ «សំណូមពរចំពោះនិស្សិតដែលកំពុងធ្វើកម្មសិក្សានៅទីនេះ និងកំពុងរៀន ក្មួយៗ កូនៗ ចៅៗ ត្រូវចាំធ្វើគ្រូពេទ្យដើម្បីសង្គ្រោះជីវិតមនុស្ស សង្ឃឹមថាចៅៗ ដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន នៅពេលដែលចៅៗកំពុងធ្វើកម្មសិក្សានៅក្នុងមន្ទីរពេទ្យនេះ»។
សម្តេចបានលើកឡើងថា មន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្នមានការអភិវឌ្ឍន៍កាន់តែធំ ដែលអាចផ្តល់ឱកាសដល់និស្សិតមកចុះកម្មសិក្សា ខណៈមន្ទីរពេទ្យនេះបានទទួលនិស្សិតចុះកម្មសិក្សារហូតទៅដល់ជាង ២ពាន់នាក់។
សម្តេចតេជោគូសបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតនាពេលនេះកាន់តែធំ អាចផ្តល់ឱកាសឱ្យនិស្សិតពេទ្យមកទទួលយកការបណ្តុះបណ្តាលធ្វើកម្មសិក្សានៅមន្ទីរពេទ្យនេះ ដោយរៀនទ្រឹស្តីនៅតាមសាលា ហើយអាចមកអនុវត្តជាក់ស្តែងផ្ទាល់នៅតាមបណ្តាមន្ទីរពេទ្យ៕
ដោយ ៖ សហការី