ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភាពរីកចម្រើនសហគ្រាសធុនមីក្រូតូច និងមធ្យម គឺកើតចេញពីផ្លែផ្កានៃ «សន្តិភាព»

ចែករំលែក៖

 

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) មិនមែនទើបតែចាប់ផ្ដើមនៅក្នុងអាណត្តិនេះនោះទេ ប៉ុន្តែវាជាផ្លែផ្កានៃការកសាងគ្រឹះយ៉ាងរឹងមាំពីអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្របខណ្ឌច្បាប់ និងបរិយាកាសធុរកិច្ចអំណោយផល ដែលជាកត្តាបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើនយ៉ាងរហ័ស ព្រមទាំងអាចតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០។

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន ដោយផ្អែកតាមទិន្នន័យនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣,៦៧០ មូលដ្ឋាន ដោយនៅក្នុងនោះមាន ៦០,៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។ ហើយវិស័យនេះបាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសង្គម-សេដ្ឋកិច្ច ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២.៩៨ លាននាក់ ក្នុងនោះកម្លាំងពលកម្មជាស្ត្រីមានរហូតដល់ជាង ១.៨៤ លាននាក់ (ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្ម MSMEs សរុប)។ លើសពីនេះ MSMEs ត្រូវបានប៉ាន់ប្រមាណថារួមចំណែករហូតដល់ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានផ្តល់ឱកាសការងារលើសពី ៧០% នៃកម្លាំងពលកម្មសរុបក្រៅវិស័យកសិកម្ម។ ការដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាពេលនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយទៀតក្នុងការបន្ថែមល្បឿនអភិវឌ្ឍន៍ បង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រឹងកម្លាំងសហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ និងមានចីរភាពថែមទៀត។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការជំរុញសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ខណៈក្នុងបរិបទនៃការប្រកួតប្រជែងសកល និងការប្រែប្រួលអាកាសធាតុ កម្ពុជាត្រូវរៀបចំខ្លួនឱ្យបានទាន់គេតាមរយៈការផ្លាស់ប្ដូរគំរូធុរកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ដោយត្រូវលើកទឹកចិត្ត និងគាំទ្របច្ចេកទេសទៅដល់ MSMEs ក្នុងការអនុវត្តគោលនយោបាយផលិតកម្មស្អាត ការសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចចក្រា និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖