ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ បង្ហាញពីការជឿទុកចិត្តលើកត្តាសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាមោទនភាពជាតិមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ដែលនេះជាព្រឹត្តិការប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការផ្តល់ឱកាសឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញពីការទុកចិត្តជឿជាក់របស់បណ្តាប្រទេសនានាទៅលើកត្តាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាដែលមានលក្ខណៈអំណោយផលនិងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់សម្រាប់បម្រើឱ្យកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំប្រទេសនានាដែលបានចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក៏បានយកឱកាសនេះដើម្បីទស្សនាដើរលេងកម្សាន្តនៅតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញដោយបានផ្សព្វផ្សាយពីកម្ពុជាផងដែរនៅលើបណ្តាញសង្គម ដែលជាការបង្ហាញដោយប្រយោលថាកម្ពុជាពិតជាមានសុខសន្តិភាព និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ៕


ដោយ ៖ សិលា 


ចែករំលែក៖