ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ យ៉ាងអធិកអធម នៅស្រុកសេសាន ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅបរិវេណវត្តជ័យមង្គល ភូមិកំភុន ស្រុកសេសាន នារសៀលថ្ងៃនេះ។
វេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមជាមន្ត្រីពាក់ព័ន្ធ រួមមាន ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមូលដ្ឋានសរុប ៣៥០នាក់។
ថ្លែងក្នុងមតិបើកវេទិកា ថ្នាក់ដឹកនាំខេត្តបានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាយន្តការនយោបាយដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពង្រឹងកិច្ចសហការល្អរវាងរដ្ឋបាលសាធារណៈ និងប្រជាពលរដ្ឋ ព្រមទាំងជាស្ពានចម្លងដ៏មានប្រសិទ្ធភាពក្នុងការបង្កើនតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ អង្គវេទិកាទាំងមូលបានស្តាប់ដោយយកចិត្តទុកដាក់បំផុតនូវរាល់មតិយោបល់ សំណើ សំណូមពរ និងបញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់លើវិស័យអាទិភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងធារាសាស្ត្រ ការផ្តល់សេវារដ្ឋបាលសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។
ជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ គណៈអធិបតីព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ បានធ្វើការបំភ្លឺ ដោះស្រាយ និងឆ្លើយតបយ៉ាងផុសផុល ដោយសម្រេចបាននូវការដោះស្រាយសំណូមពរជាក់ស្តែងចំនួន ២៧ករណី ជូនប្រជាពលរដ្ឋភ្លាមៗ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច