ភ្នំពេញ ៖ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា នៅក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Donald Trump បានរំលឹកពីតួនាទីរបស់លោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងការសម្របសម្រួលឱ្យកម្ពុជា និងថៃ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ កាលពីឆ្នាំ២០២៥។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងនេះបាននាំមកនូវបទឈប់បាញ់ ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ និងអនុញ្ញាតឱ្យជនស៊ីវិលដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅលំនៅឋានវិញ និងបានសង្ឃឹមថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នឹងបន្តរក្សាបាននូវសុពលភាព និងការអនុវត្តប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ផងដែរថា កម្ពុជាបានសម្តែងការដឹងគុណចំពោះតួនាទីរបស់លោកក្នុងការសម្របសម្រួល និងនាំឱ្យមានកិច្ចព្រមព្រៀងនេះ។
ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី Trump បង្ហាញពីការបន្តយកចិត្តទុកដាក់របស់សហរដ្ឋអាម៉េរិកចំពោះការរក្សា សន្តិភាពរវាងកម្ពុជា និងថៃ និងការអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។ វាក៏ជាការរំលឹកថា ការសម្រេចបាននូវបទឈប់បាញ់គឺជាជំហានដ៏សំខាន់មួយ ប៉ុន្តែការរក្សាសន្តិភាពឱ្យបានយូរអង្វែង ទាមទារឱ្យភាគីទាំងពីរគោរព និងអនុវត្តកិច្ចព្រមព្រៀងទាំងអស់ឱ្យបានពេញលេញ និងស្មោះត្រង់ ដោយមិនអាចមានតែភាគីម្ខាងអនុវត្តនោះទេ។ សម្រាប់កម្ពុជា ការអនុវត្តកិច្ចព្រមព្រៀងនេះត្រូវតែធានាឱ្យបាននូវការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់៕

ប្រភព ៖ (PRU)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច